ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា វិស័យអចលនទ្រព្យរបស់កម្ពុជា ដែលបានដាំក្បាលចុះអស់រយៈពេលជាច្រើនឆ្នាំ ហាក់មានរើបឡើងវិញបន្តិចនៅដើមឆ្នាំ២០២៥ ប៉ុន្តែវិស័យនេះបានបន្តរងផលប៉ះពាល់ជាថ្មីដោយសារឥទ្ធិពល នៃសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ បើទោះបីជាទីផ្សារអចលនទ្រព្យជារួមរបស់កម្ពុជា នៅតែបន្តមានភាពយ៉ាប់យ៉ឺនក៏ពិតមែន ប៉ុន្តែប្រធានសមាគមរូបនេះអះអាងថា ផ្នែកខ្លះនៃវិស័យនេះនៅតែមានដង្ហើបដកនៅឡើយ ពិសេសអចលនទ្រព្យដែលអាចបម្រើដល់ការប្រើប្រាស់ពិតប្រាកដ ដូចជាអចលនទ្រព្យប្រភេទតូចៗនៅទីតាំងជុំវិញព្រលានយន្តហោះអន្តរជាតិ តេជោ, អចលនទ្រព្យនៅតាមផ្លូវធំដែលបម្រើដល់ការបើកអាជីវកម្ម និងអចលនទ្រព្យនៅតំបន់ដែលមានសក្តានុពលសម្រាប់ធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅតាមបណ្តាខេត្ត និងតំបន់មួយចំនួនដូចជាក្រុងព្រះសីហនុ និងក្រុងបាវិត ជាដើម។
ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែស្ថិតក្នុងការលំបាក ប៉ុន្តែក៏មានសកម្មភាពល្អប្រសើរឡើងវិញបន្តិចដែរ បើធៀបទៅនឹងឆ្នាំមុន ពោលគឺប្រតិបត្តិការទិញលក់ជារួមបន្តមានកម្រិតទាប ប៉ុន្តែមានការកើនឡើងតិចតួចនៅក្នុងតំបន់មួយចំនួនដូចជាកណ្ដាលទីក្រុង និងទីប្រជុំជនដែលមានសក្តានុពលល្អជាដើម តែយ៉ាងណាសម្រាប់តម្លៃអចលនទ្រព្យបច្ចុប្បន្នវិញ គឺនៅតែបន្តធ្លាក់ចុះ។ បើតាមអ្នកជំនាញរូបនេះ អចលនទ្រព្យ ដែលនៅបន្តមានទីផ្សារល្អមានដូចជា ប្រភេទផ្ទះល្វែង ដែលមានតម្លៃចន្លោះពី៥ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារ សម្រាប់បម្រើដល់ការស្នាក់នៅលក្ខណៈគ្រួសារ, ផ្ទះលំហែ ឬវីឡាតូចៗ និងដីពាណិជ្ជកម្មតូចៗនៅតំបន់ដែលមានចរាចរមមាញឹក សម្រាប់បម្រើអាជីវកម្ម SME ការកែលម្អអគារ និងការវិនិយោគរយៈពេលវែងជាដើម។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆមាសទី១ឆ្នាំ២០២៥ វិស័យអចលនទ្រព្យកម្ពុជា បន្តមានកំណើនទាប០,៨% ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទានសម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។ សន្ទស្សន៍ថ្លៃលំនៅឋានរួមថយចុះជាមធ្យមចំនួន៣,៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ ថយចុះ៣,៦% និងនៅតាមបណ្តាខេត្តបានថយ ៧,១%៕