
លោក ដូណាល់ ត្រាំ ប្រធានាធបិតីសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា កងកម្លាំងអាម៉េរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ចំនួន៣ទីតាំងរួមទាំងទីតាំងនុយក្លេអ៊ែហ្វ័រដូ (Fordo) ផងដែរ។ ការវាយប្រហារដោយប្រើយន្តហោះទម្លាក់គ្រាប់បែក B-2 នេះធ្វើឡើងក្រោយលោក ត្រាំ ប្រកាសពីការត្រៀមខ្លួនវាយប្រហារលើអ៊ីរ៉ង់ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោក ត្រាំ បានចាត់ទុកការវាយប្រហារលើទីតាំងនុយក្លែអ៊ែរបស់អ៊ីរ៉ង់នេះ ជាជោគជ័យយោធាដ៏ពិសេសមួយ ហើយបានព្រមានទីក្រុងតេហេរ៉ង់ថា ប្រសិនបើអ៊ីរ៉ង់ មិនព្រមលុបចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនទេ នោះអាម៉េរិកនឹងវាយប្រហារថែមទៀត។ ការលូកដៃដោយផ្ទាល់របស់អាម៉េរិក ក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ មិនត្រឹមតែធ្វើឱ្យអ៊ីរ៉ង់មិនចុះញ៉មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ៊ីរ៉ង់ត្រៀមខ្លួនប្រើគ្រប់ជម្រើសទាំងអស់ ដើម្បីឆ្លើយនឹងការវាយប្រហាររបស់អាម៉េរិកដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araqchi) បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ត្រៀមប្រើគ្រប់ជម្រើសទាំងអស់ដើម្បីការពារខ្លួន បន្ទាប់ពីការវាយប្រហាររបស់អាម៉េរិក លើរោងចក្រនុយក្លេអ៊ែរបស់ខ្លួន ហើយថា ការវាយប្រហារនេះ គឺគួរឱ្យខឹងយ៉ាងខ្លាំងហើយនឹងមានផលវិបាកជារៀងរហូត។
ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសពីសមាជិកសភាអាម៉េរិក មកពីគណបក្សប្រជាធិបតេយ្យ ដោយពួកគេនិយាយថា ការវាយប្រហារនេះ បានអនុវត្តដោយគ្មានការយល់ព្រមពីសភា។ សមាជិកសភាលោកស្រី អាឡិកសានឌ្រា អូកាស៊ីយ៉ូខូតេស (Alexandria Ocasio-Cortez) បាននិយាយថា ការវាយប្រហារនេះ គឺជាការរំលោភលើរដ្ឋធម្មនុញ្ញ និងអំណាចនៃសង្រ្គាមសភា ហើយវាមានហេតុផលសមរម្យ និងច្បាស់លាស់ដើម្បីចោទប្រកាន់ចំពោះលោក ត្រាំ។
ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូធើរ៉េស (Antonio Guterres) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយបានថ្កោលទោសចំពោះការវាយប្រហារនេះផងដែរ ដោយហៅទង្វើនេះថា ជាការចាក់សាំងទៅលើភ្លើងថែមទៀត ហើយថា ឥឡូវនេះមានហានិភ័យកាន់តែកើនឡើងថា ជម្លោះនេះអាចនឹងរាលដាលកាន់តែឆាប់រហ័សដោយបង្កផលវិបាកដ៏មហន្តរាយដល់ជនស៊ីវិល តំបន់ និងពិភពលោក។
ក្រៅពីនេះក្រុមមេដឹកនៃប្រទេសមួយចំនួនរួមមាន ណូវែលសេឡង់ អូស្ត្រាលី ម៉ិកស៊ិក និងវេណេស៊ុយអេឡា បានប្រកាន់ជំឈរអព្យាក្រឹតចំពោះការវាយប្រហារនេះ ប៉ុន្តែក៏បានអំពាវនាវ ឱ្យមានការបន្ធូរបន្ថយស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា និងជំរុញឱ្យមានដំណោះស្រាយការទូតផងដែរ។
ទោះជាយ៉ាងណាប្រទេសគុយបា បានថ្កោលទោសដាច់អហង្ការចំពោះការវាយប្រហារនេះដោយមេដឹកនាំប្រទេសនេះបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អាម៉េរិកនេះបានបង្កើនគ្រោះថ្នាក់ក្នុងជម្លោះនៅមជ្ឈិមបូព៌ា ហើយថា ការឈ្លានពាននេះបានបំពានយ៉ាងខ្លាំងលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយធ្វើឱ្យមនុស្សជាតិ ធ្លាក់ចូលទៅក្នុងវិបត្តិជាមួយនឹងផលវិបាកដែលមិនអាចត្រឡប់វិញបាន។ ភ្លាមៗក្រោយការប្រហារគេមិនទាន់ឃើញមានប្រតិកម្មពីប្រទេសរុស្ស៊ី និងមហាយក្សចិន នៅឡើយទេ៕
ដោយ៖ សុខ មង្គល