កាតព្វកិច្ចយោធា

តើប្រទេសអាស៊ានណាខ្លះ ដែលមានច្បាប់ស្ដីពីកាតព្វកិច្ចយោធា ហើយមាន ការអនុវត្ត ខុសប្លែកគ្នា យ៉ាងណាខ្លះ?


ច្បាប់កាតព្វកិច្ចចូលបម្រើ ក្នុងជួរកងទ័ព នៅតាមប្រទេសនីមួយៗនៅអាស៊ាន គឺមានការអនុវត្ត ផ្សេងៗគ្នា អាស្រ័យទៅ លើ ស្ថានភាពប្រវត្តិសាស្ត្រ វប្បធម៌ និងសន្ដិសុខជាតិ។ តើប្រទេសអាស៊ានណាខ្លះ ដែលមានច្បាប់ ស្ដីពីកាតព្វកិច្ចយោធា និងមានការអនុវត្តខុសប្លែកគ្នាយ៉ាងណាខ្លះ?
កាតព្វកិច្ចយោធា
ដោយ

សិង្ហបុរី

សង្ហបុរីជាប្រទេស ដែលលេចធ្លោមួយ ទាក់ទងនឹងការជ្រើសរើសកងទ័ព ដែលមានរចនាសម្ព័ន្ធ និងភាពម៉ឺងម៉ាត់បំផុត។ ច្បាប់របស់ ប្រទេសង្ហបុរី គឺតម្រូវឱ្យ ពលរដ្ឋ របស់ខ្លួន ដែលជាបុរស ត្រូវចូល បម្រើកងទ័ព ចាប់ពី អាយុ១៨ឆ្នាំឡើងទៅ ហើយការបំពេញកាតព្វកិច្ចនេះ មានរយៈពេល ២ឆ្នាំ។ ជាធម្មតា ពលរដ្ឋវ័យក្មេងរបស់សិង្ហបុរី ត្រូវចុះឈ្មោះសម្រាប់ ចូលបម្រើក្នុងជួរកងទ័ព នៅអាយុ ១៦,៥ ឆ្នាំ ប៉ុន្ដែ ការបំពេញកាតព្វកិច្ចយោធាគឺនៅពេលពួកគេបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពោលគឺនៅអាយុប្រហែល ១៨ ទៅ២០ឆ្នាំ។ ការលើកលែង កាតព្វកិច្ចចូលបម្រើកងទ័ពនេះនៅសិង្ហបុរី គឺជារឿងកម្រខ្លាំងណាស់ ហើយវាអាច ធ្វើទៅបាន ក្រោមហេតុផលវេជ្ជសាស្ត្រតែប៉ុណ្ណោះ។

ប្រទេសថៃ

ការចុះឈ្មោះចូលបម្រើកងទ័ពនៅក្នុងប្រទេសថៃ សម្រាប់បុរស នៅវ័យ១៨ឆ្នាំ ហើយនៅពេលពួកគេ មានអាយុ ២១ ឆ្នាំ ទើបត្រូវហៅមកត្រួតពិនិត្យ សុខភាព កាយសម្បទា មុននឹងត្រូវឱ្យចូល បម្រើក្នុងជួរកងទ័ព។ ការបំពេញកាតព្វកិច្ចយោធា គឺមានរយៈពេល ២ឆ្នាំ។ ប៉ុន្ដែ អ្វីដែលប្លែកជាងគេនោះ គឺការអនុវត្តកាតព្វកិច្ចយោធា នៅប្រទេសថៃ គឺធ្វើឡើងដោយការចាប់ឆ្នោត ពោលគឺ ប្រសិនបើ យុវជននោះ ចាប់ចំកាតពណ៌ក្រហម នោះបានសេចក្ដីថា នឹងត្រូវទៅបម្រើក្នុងជួរកងទ័ព ប៉ុន្ដែ បើចាប់ ចំកាត ពណ៌ខ្មៅ គឺត្រូវបានលើកលែង។ ប្រព័ន្ធនេះ បានអនុវត្ត មកនៅក្នុងប្រទេសថៃជាយូរមកហើយ ទោះបីជាប្រឈមនឹងការតិះតៀនពីសាធារណៈជនថា វាមិនយុត្តិធម៌យ៉ាងណាក្ដី។ ក្រៅពីនេះ ក៏មាន ករណី លើកលែ ងមួយចំនួនទៀតដែរ ដូចជាបបញ្ហាសុខភាព ឬបុរស ដែលត្រូវបានកែភេទទៅជាស្ត្រី ជាដើម។

ប្រទេស មីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ាតម្រូវឱ្យមានការចូលបម្រើកងទ័ពជាកំហិត ទោះបីជាការអនុវត្ត និងរចនាសម្ព័ន្ធ មានភាព មិនស៊ីសង្វាក់គ្នា ដោយសារជម្លោះផ្ទៃក្នុងដែលកំពុងបន្ត និងការផ្លាស់ប្តូរ អភិបាលកិច្ចក៏ដោយ។ យោធាដែលគេស្គាល់ថាជា Tatmadaw គឺមានឥទ្ធិពលខ្លាំង លើនយោបាយ និងសង្គម របស់ ប្រទេសមីយ៉ាន់ម៉ា ហើយការចុះឈ្មោះចូលបម្រើក្នុងជួរទ័ព ជាមធ្យោបាយមួយ ដើម្បីពង្រឹងកម្លាំង និងអំណាច។ យោងតាម ច្បាប់យោធារបស់មីយ៉ាន់ម៉ា សម្រាប់ ពលរដ្ឋ ជាបុរស ដែលតម្រូវឱ្យ ចូលបម្រើ ក្នុងជួរកងទ័ពគឺចាប់ពីអាយុ ១៨ ដល់ ៣៥ឆ្នាំ និងស្ត្រី ចាប់ពី ១៨ ដល់ ២៧ឆ្នាំ ខណៈរយៈពេល បំពេញកាតព្វកិច្ចយោធាចំនួន ២៤ខែ និងអាចពន្យារដល់ ៣៦ខែ សម្រាប់ ទាហានអាជីព និងបន្ដដល់ ៥ឆ្នាំ ប្រសិនបើ ប្រទេសស្ថិតក្នុងគ្រាអាសន្ន។

វៀតណាម

ទោះបីមានច្បាប់ស្ដីពីកាតព្វកិច្ចយោធាដូចប្រទេសផ្សេងទៀតក្ដី ប៉ុន្ដែប្រទេសវៀតណាម នៅក្រោយពេលដែល ទទួលបានសន្ដិភាព បានបន្ថូរបន្ថយលើការអនុវត្តច្បាប់នេះ ដោយមិនបានតម្រូវឱ្យ ពលរដ្ឋរបស់ខ្លួន ចូលបម្រើកងទ័ពឡើយ ប៉ុន្ដែ អនុញ្ញាត សម្រាប់ ការចុះឈ្មោះចូលួមដោយស្មគ្រចិត្ត និងជាកងកម្លាំបម្រុង។ យ៉ាងណាក៏ដោយចុះ តាមច្បាប់ដែលបានចែង ពលរដ្ឋជាបុរសនៅវៀតណាម អាយុ ១៨ ដល់ ២៥ឆ្នាំ គឺស្ថិតនៅក្នុងកាតព្វកិច្ចយោធា ហើយការបំពេញកាតព្វកិច្ចនេះ គឺមានរយៈពេល១៨ខែ ទៅ២៤ខែ។

កម្ពុជា

ច្បាប់ស្ដីពីកាតព្វកិច្ចយោធារបស់កម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ប៉ុន្ដែ កម្ពុជាពុំបាន អនុវត្តច្បាប់នេះឡើយ ក្នុងរយៈពេលប្រហែល ២០ឆ្នាំមកនេះ ប៉ុន្ដែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែថ្ងៃទី ១៤ ខែកក្កដាបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្ម លើមាត្រ មួយចំនួននៃច្បាប់នេះ ដើម្បី ត្រៀមអនុវត្ត នៅឆ្នាំ ២០២៦។ នៅក្នុងច្បាប់ស្ដីពី កាតព្វកិច្ច យោធារបស់កម្ពុជាបានចែងថា ពលរដ្ឋខ្មែរទាំងពីរភេទចាប់ពីអាយុ ១៨ ដល់ ៣០ឆ្នាំ ត្រូវបំពេញ កាតព្វកិច្ចយោធា ប៉ុន្ដែ សម្រាប់ ពលរដ្ឋជាស្ត្រី ត្រូវបានអនុញ្ញាត ឱ្យចូលរួម ដោយការស្ម័គ្រចិត្ត។ ចំពោះការបំពេញ កាតព្វកិច្ចយោធា គឺមានកំណត់ពេល១៨ខែ ។

ឡាវ

ប្រទេសឡាវ ស្រដៀងគ្នា នឹងកម្ពុជា និងវៀតណាមដែរ ដោយប្រទេសនេះ មានច្បាប់ស្ដីពីកាតព្វកិច្ច យោធាដូចគ្នា ប៉ុន្ដែ ពុំបានអនុវត្ត តឹងរ៉ឹងនោះឡើយ ពោលគឺមានភាពបត់បែន ទៅតាម ក្របខណ្ឌច្បាប់ថ្មីៗ គោលនយោបាយរដ្ឋាភិបាល និងស្ថានភាពជាក់ស្ដែង។ ប៉ុន្ដែ បើយោងតាមច្បាប់ដែលមានចែង ជាទូទៅ ពលរដ្ឋឡាវ មានកាតព្វកិច្ចត្រូវចូលបម្រើការក្នុងជួរកងទ័ពនៅអាយុ ១៨ឆ្នាំ និងការបំពេញកាតព្វកិច្ច មាន រយៈពេល ១៨ខែ។

ប្រទេសម៉ាឡេស៊ី

ច្បាប់កាតព្វកិច្ចយោធា របស់ ម៉ាឡេស៊ី ត្រូវបាន ដាក់ឱ្យប្រើប្រាស់ លើកដំបូង នៅឆ្នាំ ២០០៤ ដោយតម្រូវ ឱ្យ ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ សម្រាប់ ហ្វឹកហាត់នៅក្នុងជួរកងទ័ពរយៈពេល ៣ខែ ដើម្បី បណ្តុះ ស្មារតី ស្នេហា ជាតិ ភាព ធន់ និង ការ ស្ម័គ្រ ចិត្ត ដល់ សិក្ខាកាម។ ប៉ុន្ដែ នៅឆ្នាំ ២០១៥ ច្បាប់នេះ ត្រូវបាន ផ្អាកអនុវត្តវិញរហូតមកទល់បច្ចុប្បន្ន ដោយសារតែរដ្ឋត្រូវកាត់បន្ថយចំណាយ។ ទោះយ៉ាងណា មីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ក៏បានរៀបចំកម្មវិធីសាកល្បង សម្រាប់ឱ្យយុវជនចូលចម្រើកងទ័ព ឡើងវិញ ដែរ ប៉ុន្ដែ ហាក់រងនូវការរិះគន់ច្រើនពីសំណាក់សាធារណជន។

ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រ៊ុយណេ

ប្រទេសទាំងបីនេះ ពុំមានច្បាប់ស្ដីពីកាតព្វកិច្ចយោធានោះឡើយ ប៉ុន្ដែ ជំនួសវិញដោយការរើសកងទ័ព ដោយការស្ម័គ្រចិត្ត។ វិធីសាស្រ្តនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសន្តិសុខបច្ចុប្បន្នរបស់ពួកគេ ដែលផ្តល់ អាទិភាពដល់ការអភិវឌ្ឍកម្លាំងយោធាដែលមានវិជ្ជាជីវៈ។ ប៉ុន្ដែ សម្រាប់ ឥណ្ឌូនេស៊ី និងហ្វីលីពីន កន្លងមក បង្ហាញពី គោលបំណងក្នុងការ ដាក់ឱ្យមាន ការបណ្ដុះបណ្ដាលយោធាជា កាតព្វកិច្ច ទៅតាមទម្រង់ខ្លះដែរ ដើម្បីពង្រីកការយល់ដល់ពីវិស័យការពារជាតិនៅក្នុងចំណោមយុវជន។ ប៉ុន្ដែ សម្រាប់ ប្រ៊ុយណេវិញ ពុំដែលបង្ហាញពីគោលបំណងក្នុងការឈានទៅរកការ បង្កើតក្របខណ្ឌច្បាប់ ដើម្បីអនុវត្ត កាតព្វកិច្ចយោធា សម្រាប់ ពលរដ្ឋខ្លួន នោះឡើយ។




អត្ថបទបន្ទាប់


រដ្ឋាភិបាល បើកយុទ្ធនាការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ តើអ្នកជំនាញយល់ឃើញបែបណាចំពោះយុទ្ធនាការនេះ?

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ