
អ្នកជំនាញ និងតាមដានស្ថានការណ៍សង្គមមើលឃើញថា មិនថា បេក្ខភាពរូបណាបានឡើងក្លាយជានាយករដ្ឋមន្ត្រីបន្តនោះទេ ក៏ជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ មិនមានភាពល្អប្រសើរនោះដែរ ដោយសារពលរដ្ឋថៃ លើសលប់ចង់បានទឹកដីខ្មែរ ថែមទាំងបានជំរុញឱ្យរដ្ឋាភិបាលខ្លួនត្រូវតែមានអំណាចលើកម្ពុជាទៀតផង។
តែយ៉ាងណាអ្នកជំនាញមានជំនឿថា ប្រសិនបើលោក ប្រាយុទ្ធ ចាន់អូចា អាចក្លាយជានាយករដ្ឋមន្ត្រីនោះការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ឱ្យវិលមករកប្រក្រតីឡើងវិញអាចមានភាគរយខ្ពស់។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទំនាក់ទំនងកម្ពុជា ជាមួយថៃ នៅពេលនេះ មិនអាចខិតទៅរកប្រក្រតីភាពឡើងវិញបាននោះទេ ជាពិសេសបញ្ហានៅតាមព្រំដែន ដែលកំពុងស្ថិតក្នុងរូបភាពស្មុគស្មាញ។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ស្របពេលដែលក្រុមយោធាថៃ ព្យាយាមពង្រីកជម្លោះព្រំដែនស្ទើរទាំងស្រុងជាមួយកម្ពុជា ហើយគួបផ្សំចរន្តមហាជនថៃ មានគំនិតចង់លេបត្របាក់ទឹកដីខ្មែរផងនោះ ពលរដ្ឋច្បាស់ជាមិនចង់ឃើញរដ្ឋាភិបាលថៃ បង្ហាញភាពទន់ខ្សោយជាមួយកម្ពុជា នោះឡើយ។
អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ជាទូទៅនៅពេលថៃ មានវិបត្តិនយោបាយផ្ទៃក្នុង អ្នកនយោបាយថៃ ទាំងនោះ តែងខិតខំប្រកួតប្រជែងគ្នារកប្រជាប្រិយភាពរៀងៗខ្លួន ដែលកត្តានេះពួកគេបានផ្ទេរជម្លោះផ្ទៃក្នុងទៅប្រទេសក្បែរខាង ដែលមានកម្លាំងខ្សោយ និងសេដ្ឋកិច្ចតូចជាងខ្លួន ជាក់ស្ដែងដូចជាកម្ពុជា ជាដើម។
មិនខុសគ្នានោះទេ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថា កាលណាប្រទេសថៃ មានវិបត្តិនយោបាយផ្ទៃក្នុង នោះអ្នកនយោបាយជ្រុលនិយមថៃ មួយចំនួន តែងតែប្រើប្រាស់មធ្យោបាយធ្វើយ៉ាងណាឱ្យទទួលបានប្រជាប្រិយភាពតាមរយៈការបង្កើតបញ្ហាជាមួយប្រទេសជិតខាង ដើម្បីទទួលបានសំឡេងគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី។
ខណៈកាលពីកន្លងទៅ ថៃ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា ហាក់មិនមានបញ្ហាអ្វីជាមួយកម្ពុជា នោះទេ ដូច្នេះលោកយល់ថា សភាថៃ ត្រូវតែមានភាពឆ្លាតវៃក្នុងការរើសនាយករដ្ឋមន្ត្រីថ្មី ដែលអាចមានសមត្ថភាពដោះស្រាយជម្លោះតាមព្រំដែន អាចស្តារទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ឡើងវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមមើលឃើញថា ក្នុងចំណោមបេក្ខជនដែលលេចធ្លោទាំង៥រូប ដែលនឹងត្រូវសភាថៃ បោះឆ្នោតជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃថ្មីនាពេលខាងមុខ មានតែលោក ប្រាយុទ្ធ ចាន់អូចា ប៉ុណ្ណោះដែលអាចមានសមត្ថភាពសម្របសម្រួលជាមួយក្រុមយោធាក្នុងការដោះស្រាយបញ្ហាវិវាទតាមព្រំដែនជាមួយកម្ពុជា ឱ្យវិលរកសភាពដើមវិញបាន។
ប៉ុន្តែក្នុងគណបក្សភឿថៃ ដែលនៅក្រោមឥទ្ធិពលរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្តដឹកនាំរដ្ឋាភិបាលថៃ នោះអ្នកជំនាញរូបនេះជឿជាក់ថា បញ្ហាជម្លោះតាមព្រំដែនរវាងកម្ពុជា ជាមួយថៃនឹងនៅតែមានភាពតានតឹង ដោយសារលោក ថាក់ស៊ីន ហាក់មានគោលបំណងចង់សងសឹកសម្ដេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ថា បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីមានបេក្ខជនលេចធ្លោចំនួន៥រូប ដែលអាចនឹងចូលមកជំនួសតំណែងរបស់លោកស្រី ផែថងថាន។ ប៉ុន្តែនៅក្នុងចំណោមបេក្ខភាពទាំងនេះមានបេក្ខភាពតែពីររូបប៉ុណ្ណោះ ដែលគេមើលថា ហាក់មានភាពលេចធ្លោជាងគេ គឺលោក ឆៃកាសេម នីទិស៊ីរី (Chaikasem Nitisiri) មកពីគណបក្សភឿថៃ និងលោក អានុទិន ឆានវីរ៉ាគុល (Anutin Charnvirakul) មេដឹកនាំគណបក្សភូមិចៃថៃ៕
អត្ថបទ៖ ជា ម៉ារ៉ា