សង្គ្រាមនៅអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឈានចូលដល់សប្ដាហ៍ទី៤ហើយ ដោយកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែងប្រទេសមានសេដ្ឋកិច្ចធំៗនៅអឺរ៉ុប ដូចជា អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេសជាដើមសុទ្ធតែរងផលប៉ះពាល់ក្នុងនោះសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលពឹងផ្អែកលើឧស្សាហកម្ម ដែលពឹងផ្អែកលើថាមពលមានតម្លៃសមរម្យ កំពុងប្រឈមនឹងបញ្ហាការផលិត និងការនាំចេញថយចុះ។ ចំណែកឯអ៊ីតាលី ក៏ពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័នផងដែរ ដែលធ្វើឱ្យប្រទេសនេះងាយនឹងរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេងឥន្ធនៈ។ ទន្ទឹមនេះ ចក្រភពអង់គ្លេស ប្រឈមមុខនឹងការឡើងថ្លៃអគ្គិសនី ពីព្រោះអង់គ្លេស ពឹងផ្អែកខ្លាំងលើឧស្ម័នសម្រាប់បំប្លែងទៅជាថាមពល ដែលអាចនាំឱ្យមានអតិផរណាខ្ពស់ និងអត្រាការប្រាក់ហក់ឡើង។
ចំណែកឯប្រទេសជប៉ុន ក៏ងាយរងគ្រោះខ្លាំងដែរ ដោយសារប្រទេសនេះនាំចូលប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ៩៥% ពីតំបន់មជ្ឈិមបូព៌ា ដែលភាគច្រើនឆ្លងកាត់ច្រកសមុទ្រ Hormuz។ តម្លៃថាមពលខ្ពស់រួមផ្សំជាមួយនឹងរូបិយប័ណ្ណជាតិធ្លាក់ថ្លៃ អាចជំរុញឱ្យថ្លៃដើម នៃអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃហក់ឡើង។
ជាមួយគ្នានេះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់ឈូងសមុទ្រ បានប្រឈមមុខនឹងផលប៉ះពាល់ដោយផ្ទាល់តែម្តង។ ទោះបីជាប្រទេសទាំងនោះជាអ្នកផលិតប្រេងយ៉ាងណាក៏ដោយ ក៏ការរាំងស្ទះការដឹកជញ្ជូន ជាពិសេសតាមរយៈច្រកសមុទ្រ Hormuz អាចរារាំងពួកគេពីការនាំចេញប្រេង ដែលជាលទ្ធផលជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។
ក្រឡេកទៅមើលប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកឯនោះវិញក៏រងផលប៉ះពាល់ខ្លាំងមិនចាញ់ប្រទេសខាងលើនោះទេ ដោយសារប្រទេសនេះនាំចូលប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ៩០% ដែលភាគច្រើនត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz។ កត្តានេះធ្វើឱ្យឥណ្ឌា ងាយរងគ្រោះដោយសារការរាំងស្ទះដល់ការផ្គត់ផ្គង់ និងការឡើងថ្លៃ។ បញ្ហានេះកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋឥណ្ឌា។
ចំណែកឯប្រទេសតួកគី ក៏ប្រឈមមុខនឹងហានិភ័យទាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែរ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួននៅជិតប្រទេសអ៊ីរ៉ង់ គួបផ្សំសម្ពាធអតិផរណា និងរំហូរជនភៀសសឹកដែលអាចកើតមាន។
ប្រទេសមួយចំនួនក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត គឺប្រទេសដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចរួចទៅហើយ។ ជាក់ស្ដែងប្រទេសស្រីលង្កា និងប៉ាគីស្ថាន កំពុងចាត់វិធានការបន្ទាន់ដូចជាការកំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ និងការបិទសាលារៀនជាដើម ដើម្បីទប់ទល់នឹងវិបត្តិខ្វះប្រេងឥន្ធនៈ។ ទន្ទឹមនេះប្រទេសអេហ្ស៊ីប ក៏ស្ថិតក្នុងហានិភ័យដែរ ដោយប្រឈមមុខនឹងការឡើងថ្លៃប្រេងឥន្ធនៈ និងអាហាររួមជាមួយនឹងការខាតបង់ ដែលអាចកើតមាននៅក្នុងវិស័យទេសចរណ៍ និងប្រាក់ចំណូលពីព្រែកជីកស៊ុយអេ (Suez)។ សរុបមកសង្គ្រាមនៅអ៊ីរ៉ង់ កាន់តែអូសបន្លាយផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកកាន់តែរីករាលដាល និងកាន់តែធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម