ភាពចលាចលទីផ្សារក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានធ្វើឲ្យវិនិយោគិនព្យាយាមធ្វើពិពិធកម្ម និងពង្រឹងផលប័ត្ររបស់ពួកគេ ដោយងាកទៅវិនិយោគលើទ្រព្យសកម្ម ដែលមានសុវត្ថិភាពដូចជាមាសជំនួសឲ្យក្រដាសប្រាក់ ឬប្រព័ន្ធទូទាត់តាមឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នមិនទាន់អាចឲ្យពិភពលោកផ្តាច់ខ្លួនចេញពីការទូទាត់តាមឧបករណ៍ប្រពៃណី ពោលគឺប្រើក្រដាសប្រាក់បានទាំងស្រុងនៅឡើយទេ។
ក្នុងចំណោមក្រដាសប្រាក់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ ក្រដាសប្រាក់ដែលត្រូវបានគេចាត់ទុកថាមានស្ថិរភាពជាងគេរួមមាន ក្រដាសប្រាក់ហ្រ្វង់ស្វីស ប្រាក់ដុល្លារអាម៉េរិក និងប្រាក់យេនជប៉ុន។ ប្រាក់ដុល្លារអាម៉េរិក នៅតែជារូបិយប័ណ្ណចម្បងបំផុតសម្រាប់ការទូទាត់អន្តរជាតិ។ ក៏ប៉ុន្តែនៅពេញមួយឆ្នាំ ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ តម្លៃលុយដុល្លារមានការប្រែប្រួលយ៉ាងខ្លាំង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកដឹកនាំសេតវិមាន និងបានប្រកាសដាក់ចេញវិធានការសេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយយោធាជាបន្តបន្ទាប់។ សន្ទស្សន៍ប្រាក់ដុល្លារត្រូវបានគេសង្កេតឃើញថា មានការធ្លាក់ចុះប្រមាណ៩,៣៧%នៅឆ្នាំ២០២៥ កន្លងទៅ។
ជាមួយគ្នានេះ រូបិយប័ណ្ណជប៉ុន ក៏មានការប្រែប្រួលខ្លាំងក្នុងរង្វង់៥,៩% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដោយចន្លោះពី១៥០ទៅ១៥៦យេនក្នុង១ដុល្លារ។ ទោះជាយ៉ាងណាទំនុកចិត្តលើការប្រើប្រាស់ប្រាក់យេនរបស់ជប៉ុន នៅតែមានកម្រិតខ្ពស់ ដោយសារអ្នកវិនិយោគជឿជាក់ថា រដ្ឋាភិបាលជប៉ុននឹងមានវិធានការការពារតម្លៃរូបិយប័ណ្ណរបស់ខ្លួនមិនឱ្យធ្លាក់ចុះលើសពី១៦០យេនក្នុង១ដុល្លារនោះឡើយ។
ក្នុងចំណោមរូបិយប័ណ្ណទាំង៣ ប្រាក់ហ្វ្រង់ស្វីស ហាក់មានភាពលេចធ្លោជាងគេ ដោយសារប្រទេសស្វីស មានកម្រិតបំណុលទាប និងមានសេដ្ឋកិច្ចចម្រុះ ដែលធ្វើឱ្យប្រាក់ហ្វ្រង់ បានក្លាយជាឧបករណ៍វិនិយោគ ដែលគួរឱ្យជឿទុកចិត្តបំផុត។ កាលពីឆ្នាំ២០២៥ តម្លៃលុយហ្វ្រង់ បានហក់ឡើងដល់ទៅ១៣% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ សរុបមកទោះបីជាបច្ចេកវិទ្យាហិរញ្ញវត្ថុដើរទៅមុខយ៉ាងណាក៏ដោយ ក៏រូបិយប័ណ្ណ ដែលមានគ្រឹះសេដ្ឋកិច្ចរឹងមាំទាំងនេះនៅតែជាជម្រកដ៏សំខាន់សម្រាប់អ្នកវិនិយោគក្នុងគ្រាមានអាសន្នសេដ្ឋកិច្ច៕
ដោយៈ សរ សុជាតិ