
យោងតាមសារព័ត៌មាន Wall Street Journal បានឱ្យដឹងថា សេតវិមានកំពុងធ្វើសេចក្តីព្រាងបទបញ្ជាមួយសម្រាប់ដាក់ពិន័យធនាគារណា ដែលបោះបង់ចោលអតិថិជន ពោលគឺឈប់សហការរកស៊ីជាមួយអតិថិជន ឬមិនទទួលយកអតិថិជនថ្មីៗដោយសារមាននិន្នាការនយោបាយខុសគ្នា។ តាមការរំពឹងទុក បណ្ដានិយ័តករហិរញ្ញវត្ថុដែលគ្រប់គ្រងលើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នឹងត្រូវបានណែនាំឱ្យបើកការស៊ើបអង្កេតថា តើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណាមួយបំពានច្បាប់ស្តីពីឱកាសទទួលបានឥណទានស្មើភាពគ្នា និច្បាប់ការពារហិរញ្ញវត្ថុរបស់អតិថិជនជាអ្នកប្រើប្រាស់។
សារព័ត៌មានដដែលបានចុះផ្សាយថា បទបញ្ជាដែលអាចត្រូវបានចុះហត្ថលេខានៅសប្តាហ៍នេះ នឹងអនុញ្ញាតឱ្យមានការដាក់ពិន័យជាលុយ ការធ្វើកិច្ចសន្យាផ្លូវច្បាប់ ឬវិធានការដាក់វិន័យផ្សេងទៀតទៅលើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណាដែលបំពាន។
ទន្ទឹមនេះ សេតវិមាន ក៏ជំរុញឱ្យនិយ័តករហិរញ្ញវត្ថុដកចេញ ឬលុបចោលគោលនយោបាយផ្ទៃក្នុងណា ដែលអាចនាំឱ្យមានការបិទគណនីធនាគារដោយអយុត្តិធម៌ និងណែនាំឱ្យរដ្ឋបាលអាជីវកម្មខ្នាតតូចពិនិត្យឡើងវិញលើសកម្មភាពរបស់ធនាគារដែលពាក់ព័ន្ធនឹងកម្មវិធីប្រាក់កម្ចីរបស់ខ្លួនផងដែរ។
គួររំឭកថា ប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កាលពីខែមករា បានអះអាងថា នាយកប្រតិបត្តិធនាគារ JPMorgan Chase និងធនាគារ Bank of America ធ្លាប់បានបដិសេធមិនផ្តល់សេវាធនាគារដល់អ្នកមកពីគណបក្សសាធារណរដ្ឋ។ ជាការឆ្លើយតប ធនាគារទាំងពីរខាងលើនេះបានបដិសេធថា ខ្លួនមិនសម្រេចចិត្តលើការផ្តល់សេវាធនាគារដោយផ្អែកលើនយោបាយនោះឡើយ៕
ដោយ: តែម សុខុម