វ៉ាក់សាំងបង្ការកូវីដ១៩ កូវ៉ាក់ស៊ីន (Covaxin) ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឥណ្ឌាមួយឈ្មោះថា បារ៉ាត់ បាយអូថិច (Bharat Biotech) ជាមួយនឹងប្រសិទ្ធភាពពេញរបស់វា ៧៨% បន្ទាប់ពីចាក់បានទាំងពីរដូស។
វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ពីរដូស ក្នុងគម្លាត ពីដូសទី១ មកដូសទី២ រយៈពេលជាង១ខែ។ វ៉ាក់សាំង Covaxin មិនទាមទារលក្ខខណ្ឌរក្សាទុកខ្ពស់ ដូចវ៉ាក់សាំងរបស់អឺរ៉ុបនោះទេ គឺគេអាចរក្សាទុកវាក្នុងសីតុណ្ហភាពចន្លោះពី ២ ទៅ៨ អង្សារ ដែលវាសាកសមនឹងប្រទេសដែលមានចំណូលទាប និង មធ្យម ក្នុងការស្តុកទុក និងចាក់ជូនដល់ពលរដ្ឋខ្លួន។
គួរជម្រាបថា វ៉ាក់សាំង Covaxin ជាវ៉ាក់សាំងទី១ របស់ឥណ្ឌាដែលផលិតដោយខ្លួនឯង ហើយទទួលបានការទទួលស្គាល់ និង អនុញ្ញាតឲ្យប្រើប្រាស់ផ្លូវការ ពី WHO ថែមទៀត។
វ៉ាក់សាំងរបស់ឥណ្ឌា កូវ៉ាក់ស៊ីន គឺមានលក្ខណៈខុសគ្នាពីវ៉ាក់សាំងប្រភេទ mRNA ដែលផលិតដោយ Pfizer និង Moderna របស់អាមេរិក ដោយសារតែថ្នាំបង្ការ Covaxin ផលិតឡើងតាមក្បួនបុរាណ ដែលគេនិយមប្រើប្រាស់ផលិតវ៉ាក់សាំងកាលពីរាប់សិបឆ្នាំមុន ដោយយកមេរោគមកសម្លាប់ ឬធ្វើឲ្យវាអសកម្ម ទើបយកមកចាក់ក្នុងខ្លួនមនុស្សឲ្យប្រព័ន្ធការពារ មានភាពស៊ាំ និង ស្គាល់មេរោគនោះ។
រដ្ឋាភិបាលឥណ្ឌាបានអនុម័តប្រើប្រាស់វ៉ាក់សាំង Covaxin នេះតាំងពីខែ មករា ដើមឆ្នាំ២០២១ តាំងពីមុន ពេល WHO ប្រកាសទទួលស្គាល់ទៅទៀត។ គិតមកទល់ពេលនេះ ឥណ្ឌាបានប្រើប្រាស់វ៉ាក់សាំង កូវ៉ាក់ស៊ីននេះ ចាក់ជូនពលរដ្ឋខ្លួនបាន ជាង១២០លានដូសហើយ ស្មើនឹង ១១% នៃពលរដ្ឋឥណ្ឌាសរុប។
គិតមកទល់ពេលនេះ អង្គការសុខភាពពិភពលោកបានទទួលស្គាល់វ៉ាក់សាំងបង្ការកូវីដ១៩សរុបចំនួន៨ រួមមាន វ៉ាក់សាំងរបស់អាមេរិក Pfizer/BioNtech, Moderna Johnson&Johnson AstraZeneca របស់អង់គ្លេស និង Sinopharm និង Sinovac របស់ចិន ហើយចុងក្រោយគឺ កូវ៉ាក់ស៊ីន Covaxinរបស់ឥណ្ឌានេះឯង៕