វិស័យ ថាមពល

តើនរណា ដែលរងផលប៉ះពាល់ខ្លាំងជាងគេពីការកើនឡើងតម្លៃប្រេងឥន្ធនៈ?


ភ្លើងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់តម្លៃប្រេងសកលឱ្យហក់ឡើងខ្ពស់។ សម្រាប់កម្ពុជា ក៏មិនខុសគ្នាពីបណ្តាប្រទេសដទៃលើពិភពលោកដែរ ដោយតម្លៃប្រេងបានកើនឡើងយ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ ដែលបានបង្កជាក្តីបារម្ភដល់ការចំណាយថ្លៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា តាមរយៈបញ្ហានេះ វាអាចជំរុញឱ្យប្រឈមនឹងវិបត្តិអតិផរណានៅក្នុងប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ ជាពិសេសអ្នកដែលមានចំណូលថេរតែម្តង។
វិស័យ ថាមពល
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងវិបត្តិ នៃតម្លៃប្រេងកើនឡើងនាពេលនេះ តិច ឬច្រើនវាបានប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចរបស់ពលរដ្ឋ ក៏ប៉ុន្តែអ្នកដែលប៉ះពាល់ខ្លាំង គឺពលរដ្ឋដែលមានចំណូលពីប្រាក់ខែ ដោយសារជាចំណូលថេរ។ ដោយឡែក ចំពោះអ្នកប្រកបអាជីវកម្មវិញ អ្នកជំនាញរូបនេះយល់ឃើញថា ទំនងជាមិនប៉ះពាល់ខ្លាំងនោះទេ ដ្បិតពួកគេអាចដំឡើងថ្លៃទំនិញ ឬសេវាកម្មទៅតាមការកើនឡើងថ្លៃដើម ហើយវាក៏អាចជាឱកាសចំណេញសម្រាប់ពួកគេផងដែរ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីកាត់បន្ថយហានិភ័យក្នុងវិបត្តិនេះ ពលរដ្ឋគួរប្រើប្រាស់ប្រេងដោយសន្សំសំចៃ តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមបានវាយតម្លៃថា ជាការពិតណាស់ការកើនឡើងថ្លៃប្រេង វានឹងធ្វើឱ្យតម្លៃទំនិញកើនឡើង ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសពលរដ្ឋដែលមានជីវភាពមិនសូវធូរធារ និងមានចំណូលថេរតែម្តង។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីបច្ចុប្បន្នកម្ពុជា មិនទាន់រងឥទ្ធិពលធ្ងន់ធ្ងរពីវិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាក៏ពិតមែន ប៉ុន្តែបើសិនសង្គ្រាមនៅតែបន្តអូសបន្លាយពេលយូរ នោះហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជានឹងមានកាន់តែខ្ពស់តាមរយៈការកើតមានវិបត្តិអតិផរណាក្នុងប្រទេស។

ស្រដៀងគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនៃការកើនឡើងតម្លៃប្រេងសកលនេះ កម្ពុជា ត្រូវបន្តគ្រប់គ្រងអត្រាអតិផរណាដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្តាត់ការចំណាយរបស់ពលរដ្ឋ។ បន្ថែមលើនេះ ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងបង្កើនការធ្វើពិពិធកម្មទីផ្សារនាំចេញ ក៏ជាកត្តាចាំបាច់សម្រាប់កម្ពុជា ដើម្បីរក្សាភាពធន់សេដ្ឋកិច្ចរបស់ខ្លួនពីការរង្គោះរង្គើសេដ្ឋកិច្ចសកលនេះ។ យ៉ាងណាមិញ នៅក្នុងវិបត្តិ នៃការកើនឡើងតម្លៃប្រេងនេះដែរ អ្នកជំនាញរូបនេះយល់ឃើញថា ពលរដ្ឋគួរមានផែនការចំណាយ និងប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព ហើយរដ្ឋគួរជំរុញការពង្រីកប្រភពថាមពលឱ្យបានច្រើនជាងមុន៕




អត្ថបទបន្ទាប់


អ៊ីរ៉ង់អះអាងថា ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ គឺអាស្រ័យលើខ្លួន ខណៈលោក ត្រាំ ព្រមានវាយអ៊ីរ៉ង់ឱ្យខ្លាំងជាងមុន២០ដង

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេឃើញថា កំពុងដើរតួជាអ្នកកែតម្រូវស្ថានភាពសេដ្ឋកិច្ចផង និងយោធាផងក្នុងពេលតែមួយ។ លោក បា…

អ៊ីរ៉ង់ព្រមានពីការត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលវែង និងគ្រោងប្រើអាវុធសេដ្ឋកិច្ច ដើម្បីបំបាក់អាម៉េរិក

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានចេញមុខព្រមានថា រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់សង្គ្រាមរយៈពេលយូរជាមួយសហរដ្ឋអាម៉េរិក។ ជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ