ប្រទេស BRICS

ហេតុអ្វីប្លុកប្រទេស BRICS នៅតែមិនអាចផ្ដាច់ខ្លួនពីប្រាក់ដុល្លារអាម៉េរិក?


ទោះបីជាប្លុកប្រទេស BRICS បង្កើនកិច្ចសហប្រតិបត្តិការរូបិយប័ណ្ណក្នុងចំណោមសមាជិកយ៉ាងណាក្ដី ក៏នៅតែមិនទាន់អាចផ្ដាច់ខ្លួនចេញពីប្រាក់ដុល្លារអាម៉េរិក ខណៈទិន្នន័យបង្ហាញថា ពាណិជ្ជកម្មក្នុងប្លុកនេះ បានកើនឡើងយ៉ាងខ្លាំងដោយឈានដល់១,១៧ទ្រីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤។
ប្រទេស BRICS
ដោយ

ក្រុមអ្នកជំនាញបានលើកឡើងថា ការណ៍ដែលប្លុកនេះមិនអាចកាត់ផ្តាច់ពីប្រាក់ដុល្លារបាន ក៏ដោយសារតែប្រទេសសមាជិកមិនឯកភាពគ្នាលើការបង្កើតរូបិយប័ណ្ណរួមដូចប្រាក់អឺរ៉ូ សមាជិកខ្លះមិនគាំទ្រការប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក និងដោយសារប្រាក់ដុល្លារអាម៉េរិក នៅតែជារូបិយប័ណ្ណបម្រុងធំបំផុត និងមានស្ថិរភាពបំផុតក្នុងពិភពលោកជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

​​ប្រទេសប្រេស៊ីល ដែលជាសមាជិកស្ថាបនិកមួយ នៃប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានបដិសេធគំនិតនៃការបង្កើតរូបិយប័ណ្ណរួមសម្រាប់ប្លុក BRICS ស្រដៀងគ្នាទៅនឹងប្រាក់អឺរ៉ូ សម្រាប់ចាយនៅតំបន់អឺរ៉ុប នោះឡើយ ហើយនេះឆ្លុះបញ្ឆាំងឱ្យឃើញថា ប្លុកប្រទេស BRICS មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយប្រាក់ដុល្លារអាម៉េរិកដោយផ្ទាល់នៅឡើយទេ។

ប្រធានាធិបតីប្រេស៊ីល លោក ល្វៀស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានលើកឡើងថា មិនទាន់មានសំណើ ឬការពិភាក្សាអំពីការបង្កើតរូបិយប័ណ្ណរួមសម្រាប់ចាយក្នុងប្លុកប្រទេស BRICS នៅឡើយទេ។ ផ្ទុយទៅវិញ ប្រទេសនានា ដូចជាប្រេស៊ីល និងឥណ្ឌាជាដើម អាចធ្វើពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាសមាជិកមួយចំនួន នៃប្លុក BRICS ជាពិសេសប្រទេសរុស្ស៊ី និងចិន បានគាំទ្រការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា សមាជិកផ្សេងទៀតដូចជា ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង មិនគាំទ្រពេញទំហឹងចំពោះគំនិតបង្កើតរូបិយប័ណ្ណរួមថ្មីនោះទេ។

ក្រុមអ្នកវិភាគបានលើកឡើងថា ផែនការដែលមានភាពប្រាកដនិយមជាងនេះ ដែលប្លុកប្រទេស BRICS អាចធ្វើបានរួមមានបង្កើនពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណក្នុងស្រុក, ពង្រីកកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណរវាងធនាគារកណ្តាល ដែលជាសមាជិកនៃប្លុកប្រទេស BRICS, តភ្ជាប់ប្រព័ន្ធទូទាត់ជាតិ និងអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលរួមជាដើម។

ទិន្នន័យបង្ហាញថា ពាណិជ្ជកម្មក្នុងប្លុកប្រទេស BRICS បានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់ ១,១៧ទ្រីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៤។ ប៉ុន្តែក្រុមអ្នកជំនាញជឿថា ប្រាក់ដុល្លារអាម៉េរិក នឹងនៅតែជារូបិយប័ណ្ណបម្រុងដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោកសម្រាប់ពេលនេះ ដោយសារបណ្ដាប្រទេសជាសមាជិក នៃប្លុកប្រទេស BRICS នៅតែមានទុនបម្រុងប្រាក់ដុល្លារអាម៉េរិកយ៉ាងច្រើនសម្បើម និងដោយសារបណ្ដាប្រទេសជាសមាជិកមានស្ថានភាពនយោបាយ និងសេដ្ឋកិច្ចខុសៗគ្នាដែលធ្វើឱ្យមហិច្ឆតាបង្កើតរូបិយប័ណ្ណរួមសម្រាប់ប្លុកប្រទេស BRICS ពិបាកនឹងសម្រេចបាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តាមរយៈជម្លោះព្រំដែនកម្ពុជា-ថៃ តើដល់ពេលអាស៊ានត្រូវពិនិត្យឡើងវិញនូវប្រសិទ្ធភាព នៃសន្ធិសញ្ញាសន្តិភាពចំណាស់៥០ឆ្នាំហើយមែនទេ?

តើសន្ធិសញ្ញាសន្តិភាព ដែលជាគ្រឹះ នៃស្ថិរភាពតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលកន្លះសតវត្សរ៍មកនេះនៅតែអាចបន្តរក្សាភាពស័ក្តិសិទ្ធិបានដែរឬទេ ក្នុងបរិប…

ពលករឥណ្ឌា កំពុងត្រូវប៉ាន់ ខណៈរុស្ស៊ី និងអ៊ុយក្រែនខ្វះកម្លាំងពលកម្មច្រើន តែក៏ប្រឈមហានិភ័យចាញ់បោកគេធ្លាក់ខ្លួនធ្វើជាទាហានស៊ីឈ្នួល

ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយគ្នាឈានចូលឆ្នាំទី៥ បានជួលពលករបរទេសកាន់តែច្រើនឡើងៗ ជាពិសេសពលករមកពីឥណ្ឌា និងប្រទេសដទៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ