ចេតនាចង់ឈ្លានពានរំលោភយកទឹកដីកម្ពុជា

ហេតុអ្វីទាហានថៃ តែងតែបង្ហាញចេតនាចង់ឈ្លានពានរំលោភយកទឹកដីកម្ពុជា?


ប្រទេសថៃតែងបង្ហាញចេតនារំលោភបំពានដែនដីរបស់កម្ពុជា បើទោះបីជាប្រទេសទាំងពីរធ្លាប់មានគោលការណ៍អន្តរជាតិរវាងគ្នា និងគ្នាយ៉ាងណាក្ដី ជាក់ស្ដែងក្រុមទាហានថៃតែងចូលឈ្លានពានតំបន់ទាំង៤របស់កម្ពុជាដូចជាតំបន់មុំ៣ ឬចុងបូក ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ជាដើម។
ចេតនាចង់ឈ្លានពានរំលោភយកទឹកដីកម្ពុជា
ដោយ

អ្នកជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ថៃតែងតែគឃ្លើនរំលោភបំពានមកលើកម្ពុជា ក៏ដូចជាប្រទេសក្បែរខាងខ្លួន តាមរយៈក្រុមយោធាជ្រុលនិយមមួយចំនួន ដែលគិតថាប្រទេសទាំងនោះខ្សោយជាងខ្លួន។ ជាមួយគ្នានេះអ្នកជំនាញបានចាត់ទុកការឈ្លានពានរបស់ថៃមកលើកម្ពុជា គឺជាទង្វើរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ដែលមានបំណងចង់បង្ហាញពីស្មារតីជាតិនិយមហើយយកកម្ពុជាធ្វើជាឧបករណ៍ក្នុងកិច្ចការនយោបាយរបស់ពួកគេ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រទេសថៃមានចេតនាឈ្លានពានលើកម្ពុជាជាង១០០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩០៤ មកម្លេះ ទោះបីជាភាគីទាំងពីរធ្លាប់ឆ្លងកាត់ការប៉ះទង្គិចគ្នា និងធ្លាប់បានចុះសន្ធិសញ្ញាជាមួយគ្នាជាច្រើនយ៉ាងណាក្ដី។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការណ៍ដែលថៃតែងបង្ហាញភាពគឃ្លើន រំលោភបំពាន និងមិនគោរពគោលការណ៍អន្តរជាតិជាមួយកម្ពុជា គឺដោយសារថៃគិតថាកម្ពុជាខ្សោយជាងខ្លួន ហើយក្រុមជ្រុលនិយមរបស់ថៃ ក៏បានធ្វើទង្វើនេះដាក់ប្រទេសក្បែររបស់ខ្លួនផ្សេងទៀតផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គមកត់សម្គាល់ឃើញថា ស្ថានភាពនយោបាយក្នុងប្រទេសថៃបានបង្កក្ដីព្រួយបារម្ភយ៉ាងខ្លាំងមកលើកម្ពុជា ដោយសារតែមានក្រុមជ្រុលនិយមថៃមួយចំនួនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនជាមួយសំឡេងប្រឆាំងទៅលើរដ្ឋាភិបាលថៃ ដែលអាចបង្កជាសង្គ្រាមហើយរាលដាលមកលើកម្ពុជា។ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបង្កើនការពង្រឹងវិស័យយោធា ព្រោះថៃអាចឈ្លានពានមកលើកម្ពុជាគ្រប់ពេលវេលា។ លោកបណ្ឌិតបានបន្ថែមថា បើក្រឡេកទៅមើលប្រវិត្តសាស្រ្តវិញ ប្រទេសថៃតែងមានគំនិតវាទីមកលើទឹកដីខ្មែរតាំងពីសម័យអតីតកាលមកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានថៃបានឆ្មក់ចូលបាញ់ទាហានខ្មែរនៅតំបន់មុំ៣ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិត ដែលធ្វើឱ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានស្ងប់ស្ងាត់អស់រយៈពេលជាយូរឡើងកម្តៅជាថ្មី។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយថៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជានឹងយកបញ្ហានេះប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ បើទោះបីភាគីថៃមិនឯកភាពជាមួយកម្ពុជាក្នុងការយកបញ្ហានេះទៅដោះស្រាយនៅតុលាការនេះក៏ដោយ។

បើយោងតាមការចុះផ្សាយរបស់វេបសាយជាតិ cambodia.gov.kh ប្រាសាទតាក្របីជាស្ថាបត្យកម្មខ្មែរដែលត្រូវបានសាងសង់ឡើងនៅចន្លោះសតវត្សទី១១ដល់ទី១៣ ដើម្បីឧទ្ទិសដល់ព្រះឥសូ ដូចគ្នាទៅនឹងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូចដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើរដ្ឋាភិបាលចម្រុះ៩គណបក្សរបស់លោកស្រី ផៃថងថាន ពិតជាកំពុងមានជម្លោះផ្ទៃក្នុងមែនឬ?

សញ្ញានៃជម្លោះនៅក្នុងរដ្ឋាភិបាលចម្រុះរបស់ថៃ ដែលកំពុងកាច់ចង្កូដនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងបង្ហាញរូបរាងឡើង។ ប៉ុន្តែទោះបីជាយ៉ាងណ…

កម្ពុជា សម្រេចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តើអ្នកជំនាញមានការយល់ឃើញបែបណា?

ការប្រឈមមុខដាក់គ្នារវាងកងកម្លាំងកម្ពុជា និងថៃនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ