
អ្នកជំនាញបានចាត់ទុកការព្រមានរបស់ថៃនេះ គ្រាន់តែជាការដាក់សម្ពាធ និងជាលេសចង់គេចវេះមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរបស់ថៃតែប៉ុណ្ណោះ។ ហេតុអ្វីថៃប្រើកិច្ចប្រជុំ JBC និង GBC ធ្វើជាលក្ខខណ្ឌក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា?
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ភាគីប្រទេសថៃតែងតែបង្ហាញចេតនាគេចវេះពីការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ីធ្វើជាសាក្សី ដោយសារកិច្ចព្រមព្រៀងដែលគ្រោងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា វានឹងរារាំងមហិច្ឆតាឈ្លានពាន និងជំរុញឱ្យថៃ អនុវត្តកាតព្វកិច្ចអន្តរជាតិជាដើម។ បើតាមអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ លក្ខខណ្ឌរបស់ថៃដែលតម្រូវឱ្យកម្ពុជាអនុវត្តតាម គឺមិនអាចទៅរួចនោះឡើយ ដោយសារតែកម្ពុជាពុំបានឈ្លានពានលើប្រទេសថៃនោះទេ តែផ្ទុយទៅវិញប្រទេសថៃ បានឈ្លានពានមកលើកម្ពុជា និងមិនអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់។
ជាមួយគ្នានេះលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា អ្នកដឹកនាំប្រទេសថៃ តែងតែមាននយោបាយក្រឡេចក្រឡុច ដែលកម្ពុជាមិនអាចធ្វេសប្រហែសបាននោះទេ។ បើតាមអ្នកជំនាញរូបនេះ ទោះបីមានកិច្ចព្រមព្រៀងណាមួយជាមួយថៃ ក៏ដោយ ក៏កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះថៃពុំដែលគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងនោះឡើយ។ ជាមួយគ្នានេះលោកបណ្ឌិត មាស នី ហាក់មានការបារម្ភចំពោះការអនុវត្តកិច្ចព្រមព្រៀងរបស់ថៃ ដោយលើកជាម្ងល់ថា តើរដ្ឋបាលក្រោយៗរបស់សហរដ្ឋអាម៉េរិកអាចនឹងរក្សាកិច្ចព្រមព្រៀងសន្តិភាពបានកម្រិតណា ប្រសិនបើថៃនៅតែបន្តយាយីលើកម្ពុជា។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ណាត់ថាផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានព្រមានថា ប្រសិនបើកិច្ចប្រជុំ JBC និង GBC រវាងថៃ និងកម្ពុជាបរាជ័យ នោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ដែលគ្រោងធ្វើនៅចុងខែតុលា នេះ ទំនងជាមិនអាចទៅរួចនោះទេ។ លោកបានអះអាងថា ប្រសិនបើកិច្ចប្រជុំនេះទទួលបានជោគជ័យ វានឹងក្លាយជាជំហានវិជ្ជមានមួយក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។ តែយ៉ាងណាលោកបានព្រមានថា បើការចរចាបរាជ័យម្តងទៀត លោកនឹងមិនបើកកិច្ចប្រជុំទៀតនោះទេ ហើយការចុះហត្ថលេខាសន្តិភាពដែលរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានទំនងជានឹងមិនកើតឡើងនោះទេ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ