មេដឹកនាំឥណ្ឌូនេស៊ី

តើឥណ្ឌូនេស៊ី បោះបង់ផែនការកសាងរដ្ឋធានីថ្មីតម្លៃ៣៥ពាន់លានដុល្លាររបស់ខ្លួនឬយ៉ាងណា?


មានការបារម្ភកាន់តែច្រើនលើកឡើងថា គម្រោងសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី នូសានតារ៉ា តម្លៃ៣៥ពាន់លានដុល្លារ ដែលផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ អាចត្រូវបានបោះបងចោល ហើយទុកគម្រោងនេះឱ្យក្លាយជាទីក្រុងខ្មោច។ ការកើនឡើងក្តីបារម្ភនេះកើតមានឡើងក្រោយគម្រោង ដែលបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០២២ នេះ ហាក់មានការថមថយល្បឿននៃការសាងសង់។ តែយ៉ាងណារដ្ឋាភិបាលឥណ្ឌូនេស៊ី បានចេញមកច្រាលចោលចោលចំពោះការបារម្ភនេះ ហើយបានអះអាងថា គម្រោងនេះនឹងនៅតែបន្តដំណើរការ។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

ទីភ្នាក់ងារព័ត៌មាន Antara បានរាយការណ៍ថា ក្រោយមានការកើនឡើងការបារម្ភចំពោះការទុកគម្រោងសាងសង់រដ្ឋធានីថ្មី នូសានតារ៉ា ចោលឱ្យក្លាយជាតំបន់ខ្មោច រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក ភួបាយ៉ា យូឌី សាដេវ៉ា (Purbaya Yudhi Sadewa) បានចេញមកធានាអះអាងថា ការអភិវឌ្ឍរដ្ឋធានីថ្មីនេះ នឹងនៅតែបន្តតាមផែនការ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងមិនទុកឱ្យតំបន់នេះក្លាយជាទីក្រុងខ្មោចនោះឡើយ។

ទន្ទឹមនឹងអះអាងថា សេដ្ឋកិច្ចឥណ្ឌូនេស៊ី មានដំណើរការល្អ ហើយរដ្ឋាភិបាលមានមូលនិធិគ្រប់គ្រាន់គ្រាន់ក្នុងការកសាងទីក្រុងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ ប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ឬស្តាប់ការព្យាករណ៍ពីប្រព័ន្ធផ្សព្វផ្សាយបរទេសនានា។ លោកបានបន្ថែមថា រដ្ឋាភិបាលបានអនុម័តឱ្យក្រុមហ៊ុនឯកជនសាងសង់លំនៅដ្ឋាននៅ នូសាន់តារ៉ា ដោយក្រុមហ៊ុននោះកំពុងដំណើរការសាងសង់។

ពាក់ព័ន្ធបញ្ហានេះ ប្រធានអាជ្ញាធរកសាងរដ្ឋធានី នូសានតារ៉ា លោក បាស៊ូគី ហាឌីមុលយ៉ូណូ (Basuki Hadimuljono) បានអះអាងថា រដ្ឋាភិបាលគ្រោងនឹងបង្កើតចំនួនកម្មករប្រមាណ២ម៉ឺននាក់បន្ថែមទៀត ដើម្បីពន្លឿនការអភិវឌ្ឍទីក្រុងនេះ ខណៈបច្ចុប្បន្នទីក្រុងនេះកំពុងដំណើរការជាមួយកម្មករប្រមាណ៧ពាន់នាក់។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកម្មករកំពុងអនុវត្តលើគម្រោងកសាងអគារស្ថាប័ននីតិប្បញ្ញត្តិដែលគ្របដណ្តប់លើផ្ទៃដី៤២ហិកតាជាមួយតម្លៃវិនិយោគប្រមាណ៥១០លានដុល្លារ ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

គួរបញ្ជាក់ថា រដ្ឋធានី នូសានតារ៉ា ដែលមានទំហំប្រមាណ២ពាន់៥០០គីឡូម៉ែត្រការ៉េ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ៣៥ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង កម្ពុជា និងសិង្ហបុរី ត្រូវបានដាក់ឱ្យដំណើរការ សម្រាប់ដំណាក់កាលទី១៖ កម្ពុជាស្កេនសិង្ហបុរី

ធនាគារ អេស៊ីលីដា រួមជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ