លោក ដូណាល់ ត្រាំ បានសរសេរសារនៅលើបណ្តាញសង្គម Truth Social ថា ពិភពលោកមិនអាចឈរមើលអ៊ីរ៉ង់ធ្វើព្យុះធ្វើភ្លៀងតាមចិត្តនោះទេ។ លោកអះអាងថា ប្រទេសដែលរងគ្រោះដោយសារការបិទច្រកសមុទ្រហ័រម៉ូស នឹងរួមម្លាំងគ្នាជាមួយអាម៉េរិក ដើម្បីបើកផ្លូវទឹកនេះឡើងវិញ ទោះបីក្នុងតម្លៃណាក៏ដោយ។ ក្នុងនោះ លោក ត្រាំ បានបង្ហើបឈ្មោះប្រទេសមហាអំណាចដូចជា ចិន, បារាំង, ជប៉ុន, កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ដែលលោកជឿជាក់ថា នឹងត្រូវបញ្ជូននាវាចម្បាំងមកកាន់តំបន់ដ៏មានសារសំខាន់នេះ។
លោក ត្រាំ បានអះអាងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានអាម៉េរិកកម្ទេចស្ទើរតែ១០០%ទៅហើយ ប៉ុន្តែលោកក៏បានព្រមានដោយប្រយ័ត្នប្រយែងថា ក្រុងតេអេរ៉ង់នៅតែមានលទ្ធភាពបង្កការរំខានតិចតួច ដូចជាការប្រើដ្រូនអត្តឃាត ឬមីស៊ីលចម្ងាយខ្លី ដើម្បីលបឆ្មក់វាយប្រហារ។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិកនឹងបង្កើនការទម្លាក់គ្រាប់បែកកម្រិតធ្ងន់ និងកម្ទេចនាវាអ៊ីរ៉ង់ណា ដែលធ្វើឱ្យរាំងស្ទះដល់សេរីភាពនៃការធ្វើនាវាចរណ៍របស់ប្រទេសផ្សេងៗ។
ឆ្លើយតបនឹងការអួតអាងខាងលើលោក អាលីរេហ្សា តាំងស៊ិរិ (Alireza Tangsiri) មេបញ្ជាការកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានវាយបកវិញយ៉ាងជឿជាក់ថា ច្រកសមុទ្រហ័រម៉ូស មិនទាន់បិទទាំងស្រុងទេ គឺបិទតែចំពោះសត្រូវ ប៉ុណ្ណោះ។ មេបញ្ជាការរូបនេះបានចំអកឱ្យលោក ត្រាំ ថា វាជារឿងគួរឱ្យអស់សំណើចបំផុត ដែលម្ខាងអាម៉េរិកអះអាងថាបានកម្ទេចទ័ពជើងទឹកអ៊ីរ៉ង់អស់ហើយ តែម្ខាងទៀតបែរជាស្រែកសុំជំនួយពីប្រទេសដទៃឱ្យមកជួយការពារខ្លួនទៅវិញ។ នេះសបញ្ជាក់ថា អាម៉េរិកកំពុងភូតភរ និងកំពុងទាល់ច្រក៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ រូបភាពបរទេស