វិស័យការពារជាតិ

តើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចធូរស្រាល ឬតានតឹងជាងមុន ក្រោយថៃ ផ្លាស់ប្តូរមេភូមិភាគពីររូប?


កងទ័ពភូមិន្ទថៃ បានរុះរើក្បាលម៉ាស៊ីនដឹកនាំយោធភូមិភាគចំនួនពីររូបនៅតំបន់មានជម្លោះដ៏ក្តៅគគុកជាប់ព្រំដែនជាមួយកម្ពុជា កាលពីចុងខែកញ្ញា។ ក្រោយការរុះរើភ្លាម ប្រព័ន្ធផ្សព្វផ្សាយថៃ បានចុះផ្សាយអត្ថបទបែបបញ្ឆិតបញ្ឆៀងក្នុងន័យសម្លុត និងគំរាមកំហែងបំបាក់ទឹកចិត្តកងកម្លាំងកម្ពុជា តែកងកម្លាំងកម្ពុជា បានរក្សាជំហរយ៉ាងស្ងៀមស្ងាត់។
វិស័យការពារជាតិ
ដោយ

ការរក្សាភាពស្ងៀមស្ងាត់នេះមិនមែនមានន័យថា កម្ពុជា ខ្លាចនោះទេ តែវាជាគោរពសិទ្ធិ និងអធិបតេយ្យភាពរបស់ប្រទេសដទៃ ហើយកម្ពុជា ក៏មិនចង់លូកដៃក្នុងកិច្ចការផ្ទៃក្នុង និងប្រឡូកប្រឡាក់ជាមួយព័ត៌មានបែបបំពុលបែបនេះដែរ។​

កងទ័ពភូមិន្ទថៃ បានរុះរើមេបញ្ជាការកំពូលនៅភូមិភាគចំនួនពីរជាប់នឹងព្រំដែនជាមួយកម្ពុជា គឺភូមិភាគ២ ដែលជាភូមិភាគក្តៅបំផុតនៅក្នុងអំឡុងពេលប៉ះទង្គិចប្រដាប់អាវុធរយៈពេល៥ថ្ងៃកាលពីខែកក្កដា នៅក្នុងភូមិសាស្ត្រជាប់នឹងខេត្តព្រះវិហារ និងឧត្តរមានជ័យ និងមេបញ្ជាការភូមិភាគ១ ដែលជាភូមិសាស្រ្តក្តៅចុងក្រោយ ដែលភាគីថៃ បានបង្កឡើងក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងភូមិសាស្រ្តជាប់នឹងខេត្តបន្ទាយមានជ័យ។ តែទោះជាយ៉ាងណាក៏ដោយ កម្ពុជា បន្តរក្សាភាពអត់ធ្មត់ និងប្រើប្រាស់តែយន្តការការចារចា និងការទូត ដោយផ្អែកលើច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។

កាលពីនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ វីរ៉ាយុទ្ធ រ៉ាក់ស៊ីប (Weerayut Raksilp) បានចូលកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសឧត្តមសេនីយ ប៊ុនស៊ីន ផាតខ្លាង (Boonsin Padklang) ដែលត្រូវចូលនិវត្តន៍។ ដោយឡែកឧត្តមសេនីយ វូរ៉ាយូស លួងស៊ូវ៉ាន់ (Worayos Luangsuwan) ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ អាម៉ារិទ្ធ ប៊ុនស៊ូយ៉ា (Amarit Boonsuya) ដែលឡើងជាជំនួយការអគ្គមេបញ្ជាការកងទ័ព។ មេទ័ពថ្មីទាំងពីររូបនេះសុទ្ធតែបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យភាព និងធានាទប់ទល់នឹងកងកម្លាំងកម្ពុជា ដែលធ្វើឱ្យមានការវាយតម្លៃថា មេទ័ពទាំងពីររូបនេះទំនងជាអាចធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកាន់តែតានតឹងជាងមុន។

ក្រោយការតែងតាំងមេទ័ពទាំងពីររូបខាងលើ សារព័ត៌មានថៃ ជាពិសេស The Nation បានផ្សាយថា ការចូលមកបញ្ជារបស់មេបញ្ជាការយោធភូមិភាគទាំងពីរនឹងធ្វើឱ្យកងទ័ពកម្ពុជា ញាប់ញ័រ និងភ័យខ្លាច។ តើមេដឹកនាំទាំងពីររូបនេះមានប្រវត្តិបែបណា ទើបសារព័ត៌មានថៃចុះផ្សាយអួតក្តែងៗបែបនេះ?

ឧត្តមសេនីយ វីរ៉ាយុទ្ធ មានដើមកំណើតនៅភូមិភាគឦសាន មានបទពិសោធន៍យូរមកហើយនៅខេត្តជាប់ព្រំដែន ហើយក៏ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងជម្លោះកម្ពុជា-ថៃ និងធ្លាប់បម្រើការនៅក្នុងគណៈកម្មាធិការព្រំដែនផ្សេងៗជាច្រើន។ រីឯឧត្តមសេនីយ វូរ៉ាយូស ជាមេទ័ពមានបទពិសោធន៍ជាច្រើនទស្សវត្សរ៍ ដែលប្រតិបត្តិការនៅខេត្តស្រះកែវ និងមាន​ការយល់ដឹងស៊ីជម្រៅពីកងទ័ពកម្ពុជា។ ​បើតាមការអះអាងរបស់កងកម្លាំងថៃ មេទ័ពថ្មីទាំងពីររូបនេះមានជំនាញក្នុងយុទ្ធសាស្ត្រព្រំដែន ជម្លោះ និងប្រតិបត្តិការជាមួយនឹងបទពិសោធន៍ប្រយុទ្ធយ៉ាងទូលំទូលាយ​។ អ្វីដែលកងកម្លាំង និងសារព័ត៌មានថៃ បានផ្សព្វផ្សាយវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ពីព្រោះការតែងតាំងមេទ័ពគេមិនដែលដាក់មេទ័ពអន់គ្មានសមត្ថភាពនោះទេ ហើយសូម្បីកម្ពុជា ក៏ធ្វើដូច្នេះដែរ។

ការញញើត និងខ្លបខ្លាចសត្រូវវាជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់របស់កងកម្លាំងកម្ពុជា នៅពេលនេះ គឺរក្សាស្មារតីប្រុងប្រយ័ត្ន និងគោរពគោលការណ៍ និងបទបញ្ជាពីថ្នាក់លើ។ សក្ខីកម្មដែលបង្ហាញច្បាស់ គឺកងកម្លាំងកម្ពុជា កំពុងឈរជើងដោយគ្មានអាវុធការពារប្រជាពលរដ្ឋស៊ីវិល ដូចដែលថៃ បានឃើញនៅពេលដែលកងកម្លាំងថៃ បានចូលមករំលោភដៃនអធិបតេយ្យកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

ថ្វីត្បិតតែជាប្រទេសតូចមានកងកម្លាំងប្រដាប់អាវុធមិនជាជាប់ចំណាត់ថ្នាក់ខ្ពស់ ប៉ុន្តែកងកម្លាំងកម្ពុជា គឺជាកងកម្លាំងដែលមានឆន្ទៈប្រយុទ្ធច្បាស់លាស់ មានភាពមោះមុត ក្លាហាន និងជាកងទ័ពដែលមានវិន័យនិងគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត។ ដូច្នេះសង្ឃឹមថា មេទ័ពថៃ ថ្មីទាំងពីរនឹងដឹកនាំកងទ័ពថៃ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសមជាប្រជាជាតិ មានប្រវត្តិការទូតវែងឆ្ងាយ និងមានកងទ័ពឈរនៅលំដាប់ទី៣ នៅអាស៊ាន មិនមែនជាទ័ពដែលប្រើប្រាស់ឯកសារឯកតោភាគី មិនគោរពសន្ធិសញ្ញាអន្តរជាតិ នោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងជួយប្រមូលទិញស្រូវពីកសិកររាប់ម៉ឺនតោន ដើម្បីនាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុនវីរៈប៊ុនថាំ កាលពីពេលថ្មីៗបានបញ្ចេញអង្ករស្រងែក្រអូបចំនួន៥០០តោន ដាក់លក់នៅគ្រប់សាខារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីជួយសម្រួលទីផ្ស…

តើការបិទផ្អាកដំណើរការដ្ឋាភិបាលអាម៉េរិក អាចជះផលប៉ះពាល់ដល់ទីផ្សារពិភពលោកធ្ងន់ធ្ងរកម្រិតណា?

សហរដ្ឋអាម៉េរិក បានឈានដល់ការបិទផ្អាកដំណើរការរដ្ឋាភិបាលសហព័ន្ធជាបណ្ដោះអាសន្ន កាលពីថ្ងៃពុធ ទី១ ខែតុលា ក្រោយពីសភាអាម៉េរិក ដែលមានសមាជិកមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ