រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក បា អាល់ប៊ូសៃឌី (Badr al-Busaidi) ដែលបានសម្របសម្រួលកិច្ចចរចានេះ បាននិយាយថា វឌ្ឍនភាពនៃកិច្ចចរចាអ៊ីរ៉ង់និងសហរដ្ឋអាមេរិកវាមាន ប៉ុន្តែលោកមិនបានលំអិតឡើយ ស្របពេលដែលមានសេចក្តីរាយការណ៍ផ្សេងថា ភាគីទាំងពីរបានដើរចេញពីការចរចាដោយមិនមានលទ្ធផល ។
ទោះយ៉ាងណា លោក អាល់ប៊ូសៃឌី បាននិយាយថា កិច្ចពិភាក្សាបន្ដ ផ្នែកបច្ចេកទេស ដែលពាក់ព័ន្ធ នឹងបន្តនៅសប្តាហ៍ក្រោយនៅទីក្រុងវីយែន ដែលជាមូលដ្ឋាននៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ។
លោក អាបបាស់ អារ៉ាជី (Abbas Araghchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកគឺជា ការចរចាតឹងតែង និងវែងឆ្ងាយបំផុត ហើយបញ្ជាក់ជាថ្មីថា អ្វីដែលអ៊ឺរ៉ង់ស្នើគឺបានបញ្ជាក់រួចហើយតាំងពីការចរចាលើកមុនម្ល៉េះ។
អ្នកវិភាគបានលើកឡើងថា លទ្ធផលនៃការចរចារនេះ ជាសេណារីយូមួយដ៏អាក្រក់ ប៉ុន្តែឆ្លើយតបនឹងការគំរាមកំហែងដោយសហរដ្ឋអមេរិក លោក អារ៉ាជី និយាយថា ប្រសិនបើអាមេរិកវាយប្រហារ អ៊ីរ៉ង់ នោះ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់នឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់ ហើយ អ៊ីរ៉ង់ក៏បានគំរាមវាយប្រហារអ៊ីស្រាអែលផងដែរ ដែលមានន័យថាសង្គ្រាមក្នុងតំបន់អាចនឹងផ្ទុះឡើងម្តងទៀតនៅទូទាំងមជ្ឈិមបូព៌ា។
មកដល់ពេលនេះស្ថានការណ៍នៅមជ្ឈឹមបូព៌ាគឺពិតជាផុយស្រួយខ្លាំងណាស់ ហើយសេចក្តីព្រួយបារម្ភនេះ បានកើតមានស្របពេលដែលការស្ទង់មតិថ្មីមួយ បង្ហាញថា ពលរដ្ឋអាមេរិកជាច្រើនបានមើលឃើញហើយយល់ស្របថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាការគំរាមកំហែងមួយ ប៉ុន្តែពួកគេក៏មិនមានទំនុកចិត្តខ្ពស់លើការវិនិច្ឆ័យរបស់ប្រធានាធិបតី ប្រធានាធិបតី ដូណាល់ ត្រាំ លើការប្រើប្រាស់កម្លាំងយោធានៅអឺរ៉ុបជាថ្មីទៀតដែរ ។
ដោយៈ សរ សុជាតិ