ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃទី២ ខែមីនា បានប្រកាសអាសន្នជំរុញឱ្យពលរដ្ឋអាម៉េរិក ប្រញាប់ចាកចេញពី១៤នៅទូទាំងតំបន់មជ្ឈិមបូព៌ាដូចជាអ៊ីរ៉ង់ បារ៉ែន អេហ្ស៊ីប អ៊ីរ៉ាក់ អ៊ីស្រាអែល តំបន់កាប់កាប់ West Bank និងហ្គាហ្សា ប្រទេសហ្ស៊កដានី គុយវ៉ែត លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៊ីរី អេមីរ៉ាតអារ៉ាប់រួម និងប្រទេសយេម៉ែន។
បើយោងតាមសេចក្តីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោកស្រី Mora Namdar ឧបការីក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការកុងស៊ុលនិយាយថា ពលរដ្ឋអាម៉េរិក ត្រូវតែចាកចេញឥឡូវនេះពីបណ្ដាប្រទេស ដែលបានរាយនាមខាងលើ ដោយសារតែសុវត្ថិភាពឈានដល់កម្រិតហានិភ័យធ្ងន់ធ្ងរ។
ស្ថានទូតសហរដ្ឋអាម៉េរិកនៅទីក្រុងអាម៉ាន់ (Amman) ប្រទេសហ្ស៊កដានីបានប្រកាសនៅព្រឹកថ្ងៃទី២ ខែមីនា ថា បុគ្គលិករបស់ខ្លួនបានចាកចេញពីស្ថានទូតអស់ហើយ ដោយសារតែការគំរាមកំហែង។
ទីបញ្ជាការកណ្តាលនៃកងទ័ពសហរដ្ឋអាម៉េរិកបានបញ្ចេញឯកសារសង្ខេបអំពីប្រតិបត្តិការយោធារបស់អាម៉េរិក ដែលបង្ហាញថា នៅក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងដំបូងកងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារលើគោលដៅយុទ្ធសាស្ត្រសរុបជាង១,២៥០កន្លែងរបស់អ៊ីរ៉ង់។ ទន្ទឹមនេះភាគីអ៊ីស្រាអែល បានវាយតម្លៃថា សមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់យ៉ាងហោចណាស់១,៥០០នាក់ បានបាត់បង់ជីវិត ចាប់តាំងពីប្រតិបត្តិការរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលបានចាប់ផ្តើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC និង CNN កាលពីថ្ងៃទី២ ខែមីនា។
ទោះជាយ៉ាងណា យោងតាមទិន្នន័យរបស់អង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិកាលពីព្រឹកថ្ងៃចន្ទ ទី២ ខែមីនា បានបង្ហាញថា ចំនួនអ្នកស្លាប់ដែលមានការបញ្ជាក់ជាផ្លូវការមានចំនួនត្រឹមតែ៥៥៥នាក់ប៉ុណ្ណោះ៕
ដោយ: តែម សុខុម