សន្ធិសញ្ញាសន្តិភាព

តាមរយៈជម្លោះព្រំដែនកម្ពុជា-ថៃ តើដល់ពេលអាស៊ានត្រូវពិនិត្យឡើងវិញនូវប្រសិទ្ធភាព នៃសន្ធិសញ្ញាសន្តិភាពចំណាស់៥០ឆ្នាំហើយមែនទេ?


តើសន្ធិសញ្ញាសន្តិភាព ដែលជាគ្រឹះ នៃស្ថិរភាពតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលកន្លះសតវត្សរ៍មកនេះនៅតែអាចបន្តរក្សាភាពស័ក្តិសិទ្ធិបានដែរឬទេ ក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន? សារព័ត៌មាន CNA របស់សិង្ហបុរី បានចុះផ្សាយអត្ថបទវិភាគមួយដោយលើកឡើងពីមន្ទិលសង្ស័យលើប្រសិទ្ធភាព នៃសន្ធិសញ្ញាអាស៊ាន ជាពិសេសក្រោយពេល ដែលមានការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលផ្ទុយស្រឡះពីគោលការណ៍គ្រឹះនៃមិត្តភាពតំបន់។
សន្ធិសញ្ញាសន្តិភាព
ដោយ

សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ដែលត្រូវបានចាត់ទុកជា ក្រមប្រតិបត្តិដ៏មានសារសំខាន់សម្រាប់រក្សាសន្តិភាពក្នុងតំបន់អស់រយៈពេល៥០ឆ្នាំមកនេះកំពុងរងការរិះគន់ និងមន្ទិលសង្ស័យយ៉ាងខ្លាំង។ មូលហេតុចម្បង ដែលនាំឱ្យមានភាពស្រពេចស្រពិលនេះកើតឡើង គឺក្រោយការផ្ទុះអាវុធនៅតាមព្រំដែន ដែលបង្កឡើងដោយយោធាថៃ បានវាយប្រហារចូលជ្រៅក្នុងដីកម្ពុជា ខណៈដែលកម្ពុជាបានត្រឹមតែប្រើប្រាស់សិទ្ធិស្វ័យការពារ ដើម្បីទប់ស្កាត់ការឈ្លានពានតែប៉ុណ្ណោះ។

ខ្លឹមសារគោលទាំង៤នៃសន្ធិសញ្ញា TAC ដែលថៃបានរំលោភបំពានរួមមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី, ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នា, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការបោះបង់ការប្រើប្រាស់កម្លាំងបាយ ឬការគំរាមកំហែង។

ថៃក្នុងនាមជាប្រទេសស្ថាបនិកមួយតាំងពីឆ្នាំ១៩៧៦ គួរតែជាអ្នកការពារសន្ធិសញ្ញានេះឱ្យរឹងមាំ ប៉ុន្តែសកម្មភាពជាក់ស្តែងបានបង្ហាញពីការដើរផ្ទុយពីស្មារតីអាស៊ានទាំងស្រុង។ លោក Ridzwan Rahmat អ្នកវិភាគផ្នែកយោធាបានកត់សម្គាល់ថា ការប៉ះទង្គិចគ្នាដោយអាវុធដ៏អាក្រក់កាលពីឆ្នាំមុន គឺជាសក្ខីកម្មដែលធ្វើឱ្យភាពរឹងមាំ នៃសន្ធិសញ្ញានេះប្រែជាផុយស្រួយ។

ទោះជាយ៉ាងណាលោកស្រី Joanne Lin មកពីវិទ្យាស្ថាន ISEAS-Yusof Ishak នៅតែយល់ឃើញថា សន្ធិសញ្ញានេះមានសារៈសំខាន់ ព្រោះវាជាឧបករណ៍ការទូតតែមួយគត់ ដែលតំបន់មានសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋ។ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា វាមិនមែនគ្រាន់តែជាក្រដាសស្នាមនោះទេ តែវាទាមទារឱ្យមានការប្តេជ្ញាចិត្តខាងនយោបាយពិតប្រាកដពីប្រទេសសមាជិកក្នុងការគោរពតាម។

ក្រៅពីបញ្ហាផ្ទៃក្នុងតំបន់ សន្ធិសញ្ញានេះ ក៏កំពុងរងសម្ពាធពីកត្តាខាងក្រៅផងដែររួមមានការប្រែប្រួលគោលនយោបាយពន្ធដារ និងសកម្មភាពឯកតោភាគីរបស់សហរដ្ឋអាម៉េរិក និងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ដែលជះឥទ្ធិពលដល់សន្តិសុខតំបន់។

ជាសរុបជារួម អ្នកវិភាគនៅតែមានក្តីសង្ឃឹមថា សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នឹងបន្តជាមូលដ្ឋានគ្រឹះនៃស្ថិរភាព ប៉ុន្តែអាស៊ានចាំបាច់ត្រូវបង្ហាញសាច់ដុំការទូតឱ្យខ្លាំងជាងមុន ដើម្បីធានាថា គ្មានសមាជិកណាម្នាក់រំលោភលើអធិបតេយ្យភាពរបស់សមាជិកដទៃតាមអំពើចិត្តទៀតឡើយ៕

អត្ថបទ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនរុស្ស៊ីដ៏ធំមួយបង្ហាញបំណងចង់វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

វិស័យស្វាយចន្ទីកម្ពុជា កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនអន្តរជាតិ។ ថ្មីៗនេះក្រុមហ៊ុន Siberian Cedar Eco-Factory ដែលជាក្…

ហេតុអ្វីប្លុកប្រទេស BRICS នៅតែមិនអាចផ្ដាច់ខ្លួនពីប្រាក់ដុល្លារអាម៉េរិក?

ទោះបីជាប្លុកប្រទេស BRICS បង្កើនកិច្ចសហប្រតិបត្តិការរូបិយប័ណ្ណក្នុងចំណោមសមាជិកយ៉ាងណាក្ដី ក៏នៅតែមិនទាន់អាចផ្ដាច់ខ្លួនចេញពីប្រាក់ដុល្លារអាម៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ