
កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនឹងទទួលបានប្រាក់ឈ្នួល២១០ដុល្លាក្នុង១ខែឆ្នាំ២០២៦ ក្រោយរាជរដ្ឋាភិបាលសម្រេចបន្ថែម២ដុល្លារលើតួលេខប្រាក់ឈ្នួលបច្ចុប្បន្ន២០៨ដុល្លារក្នុង១ខែ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអះអាងថា លទ្ធផលនេះទទួលបានការឯកភាពពីតំណាងភាគីកម្មករនិយោជិត និងនិយោជក ព្រោះពួកគេយល់ច្បាស់ពីស្ថានភាពនៃផលប៉ះពាល់ពីការកំណត់ពន្ធគយបដិការរបស់អាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ។ ជាមួយគ្នានេះឧកញ៉ា ណាង សុធី អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជកបានចាត់ទុកលទ្ធផលនៃការកំណត់ប្រាក់ឈ្មួលអប្បបរមារបស់កម្មករនិយោជិតនៅឆ្នាំ២០២៦ គឺកើតចេញពីការយោគយល់ និងសាមគ្គីភាពគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងបរិបថដែលសេដ្ឋកិច្ចកម្ពុជា និងពិភពលោកកំពុងជួបប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់ជាច្រើន។ សម្រាប់តំណាងនិយោជករូបនេះ ការសម្រេចមិនដំឡើងតួលេខថ្មីលើ២០៨ដុល្លារ ក៏ដោយសារភាគីនិយោជកមានបន្ទុកច្រើនក្នុងការជួយដល់កម្មករនិយោជិតនៅក្នុងកាលៈទេសៈបច្ចុប្បន្ន។
ដោយឡែកលោក គឹម ចាន់សំណាង អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត បានចាត់ទុកលទ្ធផលនៃការដំឡើងប្រាក់ឈ្មួលអប្បបរមា២ដុល្លារដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦ គឺជាលទ្ធផលល្អ ដែលភាគីនិយោជិត និងភាគីនិយោជកអាចទទួលយកបានក្នុងការរក្សាស្ថិរភាពការងារ និងស្រូបទាញវិនិយោគថ្មីៗមកកាន់កម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមដល់បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ។
ជុំវិញបញ្ហានេះដែរលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការសម្រេចបន្ថែម២ដុល្លាររបស់រាជរដ្ឋាភិបាលសម្រាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៦ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលទុក្ខលំបាករបស់កម្មករនិយោជិតនៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចកម្ពុជា និងពិភពលោកមានភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញរូបនេះបានបន្ថែមថា លទ្ធផលនេះ ក៏បានបង្ហាញពីបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរកតុល្យភាពរវាងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម និងជីវភាពរបស់ប្រជាជនផងដែរ។
គួរជម្រាបថា ប្រាក់ឈ្នួលថ្មីចំនួន២១០ដុល្លារក្នុង១ខែរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ និងបូករួមជាមួយនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព សេង វិន