ធនាគារពិភពលោកបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ២,៦% ក្នុងឆ្នាំ២០២៦ ដោយកើនឡើងពី ២,៣% ដែលត្រូវបានព្យាករមុននេះ ហើយថា កំណើនសេដ្ឋកិច្ចរបស់អាម៉េរិក ក៏នឹងកើនឡើងផងដែរក្នុងអត្រាប្រមាណ ២,២% បើធៀបនឹងការព្យាករមុននេះ ១,៦%។ ការបង្កើនការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនេះ ធ្វើឡើងក្រោយធនាគារពិភពលោកមើលឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥ រក្សាបានរឹងមាំជាងការរំពឹងទុក ដោយសារការកើនឡើងពាណិជ្ជកម្មមុនពេលពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ជះផលប៉ះពាល់ និងកំណើននៃការវិនិយោគលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
ទោះជាយ៉ាងណា ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចនៅតែមានស្ថិរភាពជាជាងការបង្កើនល្បឿន។ ចាប់តាំងពីឆ្នាំ២០២៣ មក កំណើនសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងចន្លោះកំណើនតិចតួចពី ២,៦% ទៅ ២,៨% ដែលទាបជាងមធ្យមភាគ ៣,២% ដែលធ្លាប់សម្រេចបាននៅមុនសម័យផ្ទុះវិបត្តិកូវីដ-១៩។ ទោះបីជាសេដ្ឋកិច្ចពិភពលោករក្សាបានភាពធន់ កាលពីឆ្នាំ២០២៥ ដោយសម្រេចបានកំណើន ២,៧% មុននឹងថមថយមកនៅ ២,៦% នៅឆ្នាំនេះក្ដី ប៉ុន្ដែ កត្តាហានិភ័យនៅតែមាន ជាពិសេសប្រសិនបើភាពតានតឹងពាណិជ្ជកម្មកាន់តែអាក្រក់ទៅៗ ហើយពន្ធគយបដិការកាន់តែខ្ពស់ នោះវានឹងធ្វើឱ្យប្រទេសមួយចំនួនបង្វែរការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀត ដែលនឹងបង្កឱ្យមានវិធានការការពារនិយមថ្មីៗកើនឡើងកាន់តែច្រើន។
ទន្ទឹមនេះ ធនាគារពិភពលោក ក៏បានព្យាករដែរថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងសម្រេចបានកំណើន ៤,៩% ក្នុងឆ្នាំ២០២៥ ហើយនៅឆ្នាំ២០២៦ នឹងសម្រេចបានកំណើន ៤,៤% ដោយធ្លាក់ចុះជាងឆ្នាំ២០២៥ បន្តិច។ ចំណែកឯអតិផរណាទូទាំងពិភពលោកក្នុងឆ្នាំ២០២៦ នឹងស្ថិតក្នុងអត្រា ២,៦% ដែលទាបជាងការព្យាករពីមុន ហើយតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦ នឹងមានតម្លៃ៦០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដោយធ្លាក់ចុះពី ៦៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ ចំណែកឯបញ្ហាប្រឈមផ្នែកការងារក៏មានដែរ ដោយតាមការព្យាកថា យុវជនរហូតដល់ទៅ១,២ពាន់លាននាក់នៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើនឆាប់រហ័សនឹងចូលទៅក្នុងកម្លាំងពលកម្មក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដែលធ្វើឱ្យការទទួលបានការងារធ្វើកាន់តែពិបាក៕
ដោយ: តែម សុខុម