លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាននៅពីរខែឆ្នាំនេះ ជាពិសេសការស្រូបទាញជ័រកៅស៊ូពីទីផ្សារក្នុងស្រុកតែម្តង។ តែយ៉ាងណាប្រធានសមាគមរូបនេះព្រមានថា បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានអូសបន្លាយពេលប្រមាណ១ខែកន្លងមកនេះកំពុងគំរាមកំហែងដល់កម្លាំងបញ្ជាទិញជ័រកៅស៊ូរបស់កម្ពុជា នៅឆ្នាំនេះ ក្រោយតម្រូវការប្រើប្រាស់ធ្លាក់ចុះដោយសារវិបត្តិសេដ្ឋកិច្ចសកល។ បន្ថែមលើនេះ បញ្ហាប្រេងឡើងថ្លៃនាពេលនេះ អ្នកជំនាញរូបនេះអះអាងថា វាក៏បានប៉ះពាល់ដល់ថ្លៃដើមផលិតក្នុងឧស្សាហកម្មកៅស៊ូរបស់កម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ចនៅតាមបណ្ដាក្រុមហ៊ុនចម្ការកៅស៊ូ និងកៅស៊ូគ្រួសារមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ គិតមកទល់ពេលនេះ ពោលគឺនៅដំណើរការជាធម្មតា។ តួយ៉ាងនៅក្នុងរយៈពេល២ខែឆ្នាំ២០២៦ កម្ពុជា រកចំណូលបានជាង១៥៦លានដុល្លារពីការលក់កៅស៊ូសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក បានកើនឡើងជាង៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូមានជាង៩៩លានដុល្លារ និងពីការនាំចេញឈើកៅស៊ូជាង៣លានដុល្លារ ខណៈចំណូលពីការលក់ក្នុងស្រុកមានជាង៥៣លានដុល្លារកើនឡើងជាង៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកចំពោះតម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល២ខែនេះមានតម្លៃជាង១ពាន់៧រយដុល្លារក្នុង១តោនថយចុះប្រមាណ១០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
គួរជម្រាបថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦ កម្ពុជា ផលិតជ័រកៅស៊ូបានជាង៦ម៉ឺន៣ពាន់តោន កើនឡើងជាង៦%។ គិតមកទល់ពេលនេះកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័របានមានប្រមាណ៧៧% និងផ្ទៃដីថែទាំមាន២៣%។ ជាមួយគ្នានេះផ្ទៃដីកៅស៊ូវិនិយោគមានចំនួន៤ម៉ឺន៦ពាន់ហិកតាស្មើនឹង១០% ផ្ទៃដីកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានចំនួនជាង១៧ម៉ឺនហិកតាស្មើនឹង៤០% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២២ម៉ឺនហិកតាស្មើនឹង៥០%៕