នៅមុនសម័យប្រជុំសភាប្រចាំឆ្នាំ រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដកតំណែងឧត្តមសេនីយ៍ចំនួន ៩ រូប ចេញពីសភាជាតិប្រជាជនចិន (NPC) ដែលក្នុងនោះរួមមានទាំង នាយឧត្តមសេនីយ៍ផ្កាយបួនចំនួន ៥ រូបផងដែរ។ ការបោសសម្អាតផ្ទៃក្នុងនេះ កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលសម័យ ប្រជុំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ដ៏ខ្លីខាងខាងមុខនេះ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិន (NPC) បានចេញសេចក្តីថ្លែងការណ៍ថា ឈ្មោះរបស់ឧត្តមសេនីយ៍ ៥ រូបក្នុងចំណោម ៩ រូបខាងលើនៃកងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវបានលុបចេញពីបញ្ជីសមាជិកសភាជាតិប្រជាជនចិន (NPC) ហើយ។
ឧត្ដមសេនីយ៍ទាំង ៥ រូបដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីសមាជិកសភាជាតិប្រជាជនចិន (NPC) រួមមានទី១៖ ឧត្តមសេនីយ៍ លី ឈាវមីង (Li Qiaoming), ទី២៖ ឧត្តមសេនីយ៍ ស៊ឹន ជីនឡុង (Shen Jinlong), ទី៣៖ ឧត្តមសេនីយ៍ឯក ឈីង សឹងស៊ាង (Qing Shengxiang), ទី៤៖ ឧត្តមសេនីយ៍ទោ អ៊ី ចុងហ្វូ (Yu Zhongfu) ទី៥៖ ឧត្តមសេនីយ៍ លី វ័យ (Li Wei)។
ការដកតំណែងនេះគឺជាលទ្ធផលនៃការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើការ «រំលោភលើវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ» ដែលជាពាក្យបច្ចេកទេសនយោបាយចិន សំដៅលើអំពើពុករលួយ។
ក្រុមអ្នកវិភាគយល់ឃើញថា នេះគឺជាយុទ្ធសាស្ត្រ “ពង្រឹងផ្ទៃក្នុង” របស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីធានាថា គ្មានភាពមិនប្រក្រតីណាមួយ កើតមានឡើងក្នុងជួរកងទ័ព ស្របពេលដែលចិនកំពុងប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាសកល៕
ដោយ: តែម សុខុម