លោក ហេង សិទ្ធិ មន្ត្រីផែនការនិងស្ថិតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅឆ្នាំនេះ ការបង្កបង្កើនផលស្រូវវស្សាក្នុងខេត្តបាត់ដំបង សម្រាប់ដើមខែឧសភានេះ ស្ថិតនៅលើផ្ទៃដីជាង ៣ម៉ឺនហិកតា ពោលគឺលឿនជាងឆ្នាំមុន ខណៈដែលដើមខែឧសភា ឆ្នាំមុន មានតែជាង១ម៉ឺនហិកតាទេ គិតត្រឹមថ្ងៃនេះ។
លោកបានឲ្យដឹងទៀតថា « ដោយសារអនុសាសន៍រដ្ឋាភិបាល ជំរុញឲ្យមានការបង្កើនផលិតស្បៀងដើម្បីស្តុកទុក សម្រាប់ប្រយុទ្ធនឹងកូវីដ-១៩ផង ហើយម្យ៉ាងបើយើងបង្កបង្កើនផលបានលឿនទៅ ក៍ដើម្បីឲ្យទាន់ការហូបចុករបស់អ្នកចំណាកស្រុកបានវិលត្រលប់ចូលមកស្រុកវិញផងដែរ»។
បើទោះជាការចាប់ធ្វើស្រូវបានលឿនមែនក្នុងឆ្នាំនេះ តែលោក ហេង សិទ្ធិ បញ្ជាក់ថា ក្នុងទំហំផ្ទៃដីដាំស្រូវជាង៣ម៉ឺនហិកតានេះ មានស្រុកសង្កែ ស្រុកបវេល ស្រុកបាណន់ ស្រុកថ្មគោលប៉ុណ្ណោះ ក្រៅពីនេះ ការបង្កបង្កើនផលនៅមានតិចតួចនៅឡើយ ដោយសារភ្លៀងទើបតែចាប់ផ្តើមធ្លាក់ និងស្រុកក្រៅពីនេះ មិនមានទឹកគ្រប់គ្រាន់ ដូចនេះដោយត្រូវរងចាំភ្លៀងធ្លាក់ឲ្យបានគ្រប់គ្រាន់សិន។
បើតាមលោកមន្ត្រីផែនការនិងស្ថិតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងរូបនេះ កសិករខេត្តបាត់ដំបងនិយមដាំស្រូវក្រអូបច្រើនជាងស្រូវធម្មតា ដោយសារតែ កសិករនិយមទទួលទានខ្លួនឯងផង និងសម្រាប់នៅទីផ្សារបានថ្លៃផង ។
សូមជម្រាបថា ក្រៅពីដំណាំស្រូវហើយ ខេត្តបាត់ដំបងក៏មានដំណាំឧស្សាហកម្ម ដែលមានសក្តានុពលមួយចំនួនទៀតដូចជា ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកសៀង សណ្តែកដី អំពៅ និងល្ង។ដោយឡែកដំណាំ សាកវប្បកម្មវិញរួមមាន ពោតស ដំឡូងជ្វា ឱឡឹក និងបន្លែផ្សេងផងដែរ៕