ក្រសួងហិរញ្ញវត្ថុចិននឹងចាក់បញ្ចូលដើមទុន៥៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងរដ្ឋធំៗ។ ក្រុមហ៊ុនធានារ៉ាប់រង China Life Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំបំផុតរបស់ចិន នឹងទទួលបានដើមទុនជាង៥,២ពាន់លានដុល្លារ ខណៈក្រុមហ៊ុន China Taiping Insurance នឹងទទួលបានដើមទុនជាង១ពាន់លានដុល្លារ។ ក្រុមហ៊ុនផ្សេងទៀតក៏នឹងទទួលបានមូលនិធិ ដើម្បីពង្រឹងដើមទុន និងស្ថិរភាពហិរញ្ញវត្ថុផងដែរ។
ចំណែកធនាគាររដ្ឋធំៗចំនួន៣នឹងទទួលបានដើមទុនថ្មីសរុបជាង៤៣ពាន់លានដុល្លារ។ ធនាគារកសិកម្មចិន Agricultural Bank of China មានគម្រោងកៀរគរដើមទុនឱ្យបានជិត២៤ពាន់លានដុល្លារ ខណៈធនាគារឧស្សាហកម្ម និងពាណិជ្ជចិនមានគម្រោងកៀរគរដើមទុនឱ្យបានប្រមាណជិត១៥ពាន់លានដុល្លារ។ ចំណែកឯធនាគារនាំចេញ-នាំចូលរបស់ចិន Export–Import Bank of China នឹងទទួលបានដើមទុនប្រមាណជាង៤,៤ពាន់លានដុល្លារ។
មូលនិធិទាំងនេះនឹងជួយពង្រឹងដើមទុនស្នូលរបស់ធនាគារ និងគាំទ្រការផ្តល់ប្រាក់កម្ចី ខណៈទីក្រុងប៉េកាំង កំពុងព្យាយាមជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ ចំណាត់ការនេះ ក៏បង្ហាញពីសម្ពាធកាន់តែខ្លាំងលើវិស័យហិរញ្ញវត្ថុចិន ខណៈតម្រូវការខ្សោយ និងអត្រាការប្រាក់ទាបកំពុងបន្តប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារ៕
ដោយ: តែម សុខុម