លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ក្លាយជាច្រកទ្វារហិរញ្ញវត្ថុសម្រាប់តភ្ជាប់ជាមួយបណ្តាប្រទេសនៃអង្គការហ្វ្រង់កូហ្វូនី និងអាស៊ាន គឺជាមហិច្ឆតាមួយដែលកម្ពុជា អាចសម្រេចទៅបាន។ បើតាមអ្នកជំនាញរូបនេះ ប្រព័ន្ធទូទាត់បាគង ដែលបង្កើតឡើងដោយធនាគារជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសម្រេចចក្ខុវិស័យនេះ ដ្បិតវាអាចទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសផ្សេងៗបានយ៉ាងមានទំនុកចិត្ត។ តែយ៉ាងណា លោកបណ្ឌិតយល់ថា ការអនុវត្តគោលនយោបាយ និងការរៀបចំប្រព័ន្ធទូទាត់នេះត្រូវទាមទារការពង្រឹងបន្ថែមឱ្យកាន់តែមានភាពរឹងមាំ ពិសេសប្រព័ន្ធគ្រប់គ្រងរបស់ធនាគារពាណិជ្ជនីមួយៗ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកគោលដៅបង្កើតច្រកទ្វារហិរញ្ញវត្ថុសម្រាប់ប្លុកហ្វ្រង់កូហ្វូនី និងអាស៊ាននេះ គឺជាចក្ខុវិស័យដ៏សំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញលំហូរទុនវិនិយោគ និងជំរុញសកម្មភាពធុរកិច្ច ព្រមទាំងបង្កើតឱកាសការងារដែលមានជំនាញខ្ពស់ និងរួមចំណែកបង្កើនផលិតភាពសេដ្ឋកិច្ច។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ភាគីពាក់ព័ន្ធគួរបន្តពង្រឹងនីតិរដ្ឋ និងក្របខ័ណ្ឌច្បាប់, ពង្រឹងសន្តិសុខសាយប័រ ការការពារទិន្នន័យ និងសុវត្ថិភាពនៃប្រព័ន្ធទូទាត់ឌីជីថល។ បន្ថែមលើនេះ ត្រូវជំរុញការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញ និងការជំរុញភាពជាដៃគូររវាងរដ្ឋ វិស័យឯកជន និងដៃគូរអន្តរជាតិ ផងដែរ។
បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជា មានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏សំខាន់មួយនាពេលអនាគត ពោលគឺតាមរយៈគំនិតផ្ដួចផ្ដើមនេះ កម្ពុជា អាចដើរតួជាមជ្ឈមណ្ឌលកណ្ដាល ដែលធុរជន និងអ្នកវិនិយោ នៃបណ្ដាប្រទេស ហ្វ្រង់កូហ្វូនី និងអាស៊ាន អាចប្រើប្រាស់ជាគោលដៅសម្រាប់សាកល្បង និងតភ្ជាប់ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងគ្នា។ ការបង្ហាញមហិច្ឆតានេះ ក្រោយកម្ពុជា សម្រេចបានជោគជ័យលើការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់បាគង និងការបង្កើតថ្នាល Verify.gov.kh ដែលជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដ៏មានសក្តានុពល និងត្រូវបានទទួលស្គាល់ និងទទួលបានពាន់រង្វាន់ផ្នែកសេវាសាធារណៈរបស់អង្គការសហប្រជាជាតិ នៅឆ្នាំនេះផងដែរ៕