គម្រោងវិនិយោគ

គម្រោងធំៗចំនួន១៤ ដែលមានទុនវិនយោគជាង២០០លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល


គម្រោងវិនិយោគចំនួន១៤ ជាមួយទុនវិនិយោគជាង២០០លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល តាមរយៈការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទ ក្រោមកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
គម្រោងវិនិយោគ
ដោយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើសំណើរបស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន១៤គម្រោង។

បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ គម្រោងទាំងនោះ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១០ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ២០២៤ ដូចជា គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, គម្រោងរោងចក្រផលិតក្រដាសកេសកាតុង និងគម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។ គម្រោងទាំងនេះមានទំហំទុនវិនិយោគសរុបប្រមាណ២១៣លានដុល្លារអាម៉េរិក និងជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស និងមានទំហំតូច មធ្យម និងធំ។​

ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើនេះ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ដោយគិតចាប់ពីខែកុម្ភៈ រហូតមកទល់ពេលនេះ បានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៧ រួចមកហើយ ខណៈនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្រុមការងារនឹងពិនិត្យលើការស្នើសុំការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ និងធុរកិច្ចចំនួន១២បន្ថែមទៀត។

ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគីចំនួន១ករណីក្នុងខេត្តព្រះសីហនុ ដើម្បីជំរុញការដោះស្រាយគម្រោងសាងសង់អគារជាប់គាំង។ ទន្ទឹមនេះ ក្រុមការងារ ក៏បាននិងកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជាការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និងការសិក្សារៀបចំ និងពង្រឹងតំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏បានសម្របសម្រួលដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ១០០លានដុល្លារផងដែរ។

សូមជម្រាបថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ ចំពោះគម្រោង ៣ប្រភេទ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ២០២៤ និង ការពង្រីកគម្រោង ឬសកម្មភាពធុរកិច្ច។ លើសពីនេះ ការលើកទឹកចិត្ត និងការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និងមធ្យម។ ខណៈសហគ្រាស ឬ គម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និងការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ដូចជាប្រព័ន្ធ ទឹក ភ្លើង និងផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និងលទ្ធភាពរបស់រដ្ឋ ឬវិស័យឯកជន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្នំពេញនឹងមានតំបន់ផាប់ស្ទ្រីត និងកន្លែងកម្សាន្តទំហំ៥៧ហិកតា នៅចុងឆ្នាំនេះ ខណៈអ្នកជំនាញរំពឹងអាចទាក់ទាញទេសចរបន្ថែម

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងផ្លូវថ្មើរជើង ដែលមានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ …

តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណេញរបស់ Samsung កើនឡើងជាង៩០០% នៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាង៩០០% នៅត្រីមាសទី១ឆ្នាំនេះ ខណៈតម្លៃបន្ទះឈីបបានស្ទុះងើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ