តំបន់ផាប់ស្ទ្រីត

ភ្នំពេញនឹងមានតំបន់ផាប់ស្ទ្រីត និងកន្លែងកម្សាន្តទំហំ៥៧ហិកតា នៅចុងឆ្នាំនេះ ខណៈអ្នកជំនាញរំពឹងអាចទាក់ទាញទេសចរបន្ថែម


រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងផ្លូវថ្មើរជើង ដែលមានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ និងបារជាដើម ដោយគម្រោងនេះនឹងរៀបចំឱ្យបានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចដើរលេងកម្សាន្តនាពេលរាត្រី។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា ក្រោយគម្រោងផ្លូវថ្មើរជើងនេះដាក់ឱ្យដំណើរការ វានឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជា។
តំបន់ផាប់ស្ទ្រីត
ដោយ

ឯកឧត្តម ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញនាពេលថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា គម្រោងផ្លូវថ្មើរជើងដែលមានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ត្រូវបានសិក្សារួចរាល់ហើយ និងបានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាចចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោងនេះចាប់ពីពេលនេះតទៅ ដោយត្រូវប្រើប្រាស់រយៈពេល៦ខែ ពោលគឺធ្វើយ៉ាងណាត្រូវរៀបចំឱ្យបានរួចរាល់ នៅមុនពេលចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។

ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានសម្តែងការសាទរចំពោះការរៀបចំឱ្យមានផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញនេះ ហើយលោករំពឹងថា គម្រោងនេះនឹងអាចលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ។ សម្រាប់អ្នកជំនាញរូបនេះ ការរៀបចំឱ្យមានផ្លូវថ្មើរជើងបែបនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយជំរុញ និងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្សន្តនៅកម្ពុជា ពីព្រោះថា ទេសចរបរទេសភាគច្រើនចូលចិត្តការកម្សាន្តតាមរយៈថ្មើរជើងបែបនេះ។

លើសពីនេះនៅពេលមានតំបន់ទេសចរណ៍ថ្មីៗបន្ថែម វាក៏ជួយជំរុញឱ្យភ្ញៀវទេសចរពន្យារពេលក្នុងការស្នាក់នៅ និងកម្សាន្តនៅកម្ពុជាឱ្យកាន់តែយូរជាងមុនផងដែរ។ ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ លើកទឹកចិត្តឱ្យមានការរៀបចំតំបន់ទេសចរណ៍ផ្លូវថ្មើរជើងបែបនេះនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

​ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកគម្រោងរៀបចំឱ្យផ្លូវថ្មើរជើងនេះ គឺជាការរៀបចំតំបន់ទេសចរណ៍កម្សាន្តថ្មីមួយសម្រាប់បម្រើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ នៅចំកណ្តាលទីក្រុងភ្នំពេញតែម្តង ដោយមិនចាំចាច់ទៅកាន់តំបន់ទេសចរណ៍ឆ្ងាយៗ។ ក្រៅពីអាចទាក់ទាញភ្ញៀវទេសចរបន្ថែមហើយនោះ តាមរយ:គម្រោងនេះ វាក៏ជួយបង្កើនចំណូលដល់អ្នករកស៊ីផ្សេងៗនៅក្នុងតំបន់នេះ ក៏ដូចជាបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ។

​សូមជម្រាបថា ផ្លូវថ្មើរជើងដែលមានទំហំសរុប៥៧ហិកតានេះ ត្រូវបានចែកចេញជា៣តំបន់ ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍កម្ពុជា ខណៈតំបន់ទី១នឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ ដោយតំបន់នេះនឹងរៀបចំជាតំបន់ Pub Street។ ដោយឡែក សម្រាប់ផ្លូវថ្មើជើងតំបន់ទី៣ នឹងរៀបចំជាតំបន់លំហែកាយ។

លើសពីនេះ តំបន់ទាំង៣នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងឱ្យមានសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន ហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងជាកន្លែង Pub Street។ ក្រោយការរៀបចំរួចរាល់តំបន់ទាំងនេះនឹងបើកអោយភ្ញៀវជាតិ និងអន្តរជាតិអាចចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈគ្រប់គ្រងទាំងអស់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ ចូលរួមផ្តល់សេវាអតិថិជនដោយផ្ទាល់នៅតាមបញ្ជរធនាគារ ដើម្បីអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នេះ

ព័ត៌មាន
រាជធានីភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងមក គណៈគ្រប់គ្រងទាំងអស់របស់ធនាគារ បានមកបម្រើ អតិថិជនដោយផ្ទាល់នៅតាមបញ្ជររបស់ធនាគារ …

គម្រោងធំៗចំនួន១៤ ដែលមានទុនវិនយោគជាង២០០លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព័ត៌មាន
គម្រោងវិនិយោគចំនួន១៤ ជាមួយទុនវិនិយោគជាង២០០លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល តាមរយៈការអនុគ្រោះ ការស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ