វិស័យពាណិជ្ជកម្ម

អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតតុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ


ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងច្បាប់បានជំរុញយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការបង្កើត«តុលាការពាណិជ្ជកម្ម» ដើម្បីធានាដល់ការដោះស្រាយវិវាទធុរកិច្ចឱ្យបានឆាប់រហ័ស មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព ខណៈដែលទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាកំពុងមានសម្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ក្រុមអ្នកជំនាញជឿជាក់ថា វត្តមាន នៃស្ថាប័នយុត្តិធម៌ឯកទេសមួយនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត និងទាក់ទាញលំហូរទុនបរទេសចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា នាពេលកន្លងមកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានជំរុញឱ្យមានការបង្កើតតុលាការពាណិជ្ជកម្ម​ ខណៈមកទល់ពេលនេះ ក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបានរៀបចំនីតិវិធីជិតរួចរាល់ហើយ​។ បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ នៅពេលដែលនីតិវិធីត្រូវបានសម្រេចរួចរាល់ នោះគេនឹងមាននីតិវិធីតាមដំណាក់កាលផ្សេងទៀត ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មដែលមានកំណត់រយៈពេលច្បាស់លាស់​។ អ្នកជំនួញរូបនេះ ជឿជាក់ថា កម្ពុជានឹងមានតុលាការពាណិជ្ជកម្ម​ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធានាជំនឿចិត្តដល់អ្នកវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិ0សាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិកត់សម្គាល់ឃើញថា មកទល់ពេលនេះទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះការបង្កើតតុលាការពាណិជ្ជកម្មឱ្យបានលឿននឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញចន្លោះប្រហោងផ្នែកច្បាប់ និងបង្កើនទំនុកចិត្តដល់វិនិយោគិន តាមរយៈការដោះស្រាយវិវាទពាណិជ្ជកម្ម​មានប្រសិទ្ធភាព។

ដោយឡែកលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សានៃក្រុមមេធាវី អមរិន្ទបានបង្ហាញការយល់ឃើញលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ប្រសិនបើកម្ពុជាចង់បង្កើនការទាក់ទាញវិនិយោគិនឱ្យកាន់តែខ្លាំងក្លា ការកែទម្រង់ប្រព័ន្ធតុលាការ ឬការបង្កើតតុលាការពាណិជ្ជកម្មប្រកបដោយស្តង់ដារខ្ពស់ គឺជាលក្ខខណ្ឌចាំបាច់។ អ្នកជំនាញច្បាប់រូបនេះបានផ្តល់ជាយោបល់ថា ចៅក្រមនៃតុលាការពាណិជ្ជកម្ម គួរជ្រើសរើសចេញពីមេធាវី ចៅក្រម ឬអ្នកជំនាញដែលមានឯកទេសផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកបដោយប្រវត្តិស្អាតស្អំ និងឯករាជ្យភាពខ្ពស់។

ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃដំណើរការបង្កើតតុលាការពាណិជ្ជកម្មនេះ ខេមបូណូមីស ពុំទាន់អាចសុំការបកស្រាយបន្ថែមពីឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននៅឡើយទេ។

គួររំឭកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីរៀបចំរចនាសម្ព័ន្ធ នីតិវិធី និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សំដៅធានាឱ្យយន្តការសម្របសម្រួល និងដោះស្រាយវិវាទពាណិជ្ជកម្មប្រព្រឹត្តទៅបានលឿនរហ័ស មានប្រសិទ្ធភាព និងលើកកម្ពស់ទំនុកចិត្តលើបរិយាកាសធុរកិច្ចនៅកម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អ្នកជំនាញក្រើនរំលឹកឱ្យសិស្សទើបប្រឡងចប់បាក់ឌុបសិក្សាឱ្យបានច្បាស់មុនសម្រេចចិត្តជ្រើសរើសមុខជំនាញ និងសាលាសម្រាប់បន្តការសិក្សា

ក្រោយបញ្ចប់ការប្រឡងបាក់ឌុប យុវជនកម្ពុជាត្រូវបានក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជ្រើសរើសមិត្តភក្តិ គ្រឹះស្ថានសិក្សា និងឱកាសការងារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ