វិស័យ​​ SME

SME ថៃ កំពុងប្រឈមនឹងព្យុះបំណុល ខណៈការខកខានសងបំណុលកើនឡើង និងរោងចក្រជាច្រើនផ្អាកប្រតិបត្តិការ


សហគ្រាសធុនតូច និងមធ្យម (SME) របស់ថៃ កំពុងប្រឈមសម្ពាធបំណុលកាន់តែខ្លាំង ហើយ​ទោះបីអនុបាតឥណទានមិនដំណើរការក្នុងប្រព័ន្ធធនាគារថៃ មានភាពប្រសើរឡើងបន្តិចក៏ដោយ ក៏ធនាគារនានាព្រមានថា SME កាន់តែច្រើនកំពុងធ្លាក់ចូលក្នុងស្ថានភាពខកខានសងបំណុល​។ ជាមួយគ្នានេះរោងចក្រដែលកំពុងជួបការលំបាកមួយចំនួនបានចាប់ផ្តើមផ្អាកប្រតិបត្តិការដោយ​សារ​ការបញ្ជាទិញធ្លាក់ចុះ ខណៈថ្លៃដើមផលិតកម្មកើនឡើង។ នេះបើយោងតាមកាសែត The Nation ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា នេះ​។
វិស័យ​​ SME
ដោយ

ធនាគារកណ្ដាលថៃ បានឱ្យដឹងថា អនុបាតឥណទានមិនដំណើរការក្នុងវិស័យធនាគារថៃ បានធ្លាក់ចុះមកត្រឹម ២,៨% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦។ ប៉ុន្តែទន្ទឹមនេះប្រាក់កម្ចីប្រមាណ១១០ពាន់លានបាត ឬជាង៣,៣ពាន់លានដុល្លារ បានធ្លាក់ចូលក្នុងស្ថានភាពបំណុលមិនល្អក្នុងត្រីមាសនេះ។
នាយកប្រតិបត្តិធនាគារនានា បានអះអាងថា SME ស្ថិតក្នុងចំណោមវិស័យដែលងាយរងគ្រោះបំផុត ខណៈអាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងចំណូលធ្លាក់ចុះ ការប្រកួតប្រជែងកាន់តែខ្លាំង ថ្លៃដើមកើនឡើង និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញធនាគារកសិករ បានកាត់បន្ថយការផ្តល់ឥណទានដល់ SME ពីប្រមាណ ៣៦% មកត្រឹម ២៤% ដែលបង្ហាញពីការប្រុងប្រយ័ត្នកាន់តែខ្លាំងចំពោះហានិភ័យក្នុងវិស័យនេះ។
សម្ពាធក៏កំពុងវាយប្រហារវិស័យផលិតកម្មនៅក្នុងប្រទេសថៃ ផងដែរ ដោយនៅក្នុងខែមិថុនា ការផ្អាកការងារបណ្ដោះអាសន្នបានប៉ះពាល់ដល់កម្មករជិត១៩,០០០នាក់កើនឡើងជាង ៥៨% បើធៀបនឹងខែឧសភា។ អាជីវកម្មផលិតគ្រឿងបន្លាស់រថយន្ត សម្លៀកបំពាក់ កៅស៊ូ និងប្លាស្ទិក ស្ថិតក្នុងចំណោមវិស័យ ដែលកំពុងរងសម្ពាធខ្លាំងដោយសារការបញ្ជាទិញធ្លាក់ចុះ និងថ្លៃដើមផលិតកម្មកើនឡើង។
ក្រុមអ្នកជំនាញព្រមានថា ការបញ្ចុះអត្រាការប្រាក់តែមួយមុខមិនអាចដោះស្រាយវិបត្តិនេះបានឡើយព្រោះអាជីវកម្មត្រូវការចំណូលដែលរឹងមាំជាងមុន ទីផ្សារថ្មីៗ និងសមត្ថភាពប្រកួតប្រជែងកាន់តែប្រសើរ ដើម្បីអាចរស់រានបាន។ ជាមួយគ្នានេះ ធនាគារនានា កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់លោក អានុទីន កែលម្អការចែករំលែកទិន្នន័យបំណុល ដើម្បីឱ្យអ្នកខ្ចីប្រាក់ដែលកំពុងជួបការលំបាកអាចទទួលបានជំនួយ និងការគាំទ្រដែលចំគោលដៅជាងមុន៕

ដោយ៖ តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតតុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងច្បាប់បានជំរុញយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការបង្កើត«តុលាការពាណិជ្ជកម្ម» ដើម្បីធានាដល់ការដោះស្រាយវិ…

ចិន នៅតែគ្រងតំណែងជាអ្នកនាំចេញសម្លៀកបំពាក់ធំជាងគេលើលោក ខណៈកម្ពុជា ស្ទុះឡើងមកឈរលេខ១៦

ប្រទេសចិន នៅតែបន្តគ្រងតំណែងកំពូលជាអ្នកនាំចេញសម្លៀកបំពាក់ច្រើនជាងគេបង្អស់នៅលើពិភពលោក ខណៈដែលបង់ក្លាដែស និងវៀតណាមឈរនៅលំដាប់ថ្នាក់ទី២ និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ