លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា លោក ដូណាល់ ត្រាំ បានព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក ដើម្បីសម្របសម្រួលកុំឱ្យកម្ពុជា និងថៃ មានសង្រ្គាមកើតឡើង ដោយប្រើប្រាស់សម្ពាធពន្ធគយបដិការ ប៉ុន្តែថ្នាក់ដឹកនាំប្រទេសថៃ ហាក់មានអំនួតចង់ប្រឆាំងជាមួយសហរដ្ឋអាម៉េរិក។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ ចង់ ឬមិនចង់នឹងធ្វើឱ្យថ្នាក់ដឹកនាំប្រទេសថៃ ត្រូវពិចារណា ដើម្បីទម្លាក់ចោលនូវភាពមានៈ ឬវិលមករកតុចរចាដោះស្រាយបញ្ហាសេសសល់ជាមួយកម្ពុជា ឡើងវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំកម្ពុជា មានគោលជំហរអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ តែភាគីថៃ ហាក់មានជំហរផ្ទុយពីកម្ពុជា ហើយតែងតែបង្កើតលេសដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាបន្តបន្ទាប់។ ជាការយល់ឃើញរបស់អ្នកជំនាញរូបនេះ ការផ្អាកការចរចាពន្ធគយរបស់សហរដ្ឋអាម៉េរិកជាមួយប្រទេសថៃនឹងបង្កផលប៉ះពាល់ដល់ការនាំចេញ និងសេដ្ឋកិច្ចរបស់ថៃ ដូច្នេះចង់ ឬមិនចង់ថ្នាក់ដឹកនាំថៃ នឹងពិចារណាវិលមកតុចរចាសន្តិភាពជាមួយកម្ពុជាឡើងវិញ ព្រោះថៃ មិនអាចផ្គើនជាមួយសហរដ្ឋអាម៉េរិក បាននោះទេ ព្រោះអាម៉េរិក ជាទីផ្សារនាំចេញដ៏សំខាន់របស់ថៃ។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានព្រមានផ្អាកការចរចាពន្ធគយទ្វេភាគីជាមួយប្រទេសថៃប្រសិនបើថៃ មិនងាកមកមកអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ឬសេចក្តីថ្លែងការរួមគូឡាឡាំពួ ដែលនាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែងរបស់ថៃ អនុទីន ឆានវីរៈគុល ប្រកាសទាត់ចោលមិនអនុវត្តកាលពីពេលថ្មីៗ៕
អត្ថបទ៖ បូ ដូឡា