
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាទូក សេរី ហ្វាឌីឡា យូសូហ្វ (Datuk Seri Fadillah Yusof) បានអះអាងថា ប្រទេសជិតខាងម៉ាឡេស៊ីមួយចំនួនដូចជាសិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងថៃ ជាដើម កំពុងពិចារណាក្នុងការប្រើថាមពលនុយក្លេអ៊ែធ្វើជាប្រភពថាមពលទៅថ្ងៃអនាគត។
លោកបានបន្តថា ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងបំពេញតម្រូវការថាមពលរបស់ឧស្សាហកម្មជាពិសេសវិស័យសេដ្ឋកិច្ចឌីជីថល ដូចជា បញ្ញាសិប្បនិម្មិត និងមជ្ឈមណ្ឌលទិន្នន័យ ម៉ាឡេស៊ី ក៏កំពុងពិចារណាអំពីថាមពលនុយក្លេអ៊ែជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀត ដើម្បីធានាការផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបានសម្រាប់វិស័យនេះផងដែរ។
ដោយហេតុថា រដ្ឋាភិបាលកាន់តែច្រើនឡើងកំពុងពិចារណាងាកទៅរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែ ដើម្បីសម្រេចគោលដៅកាបូនសូន្យនេះ សមាគមនុយក្លេអ៊ែពិភពលោក (WNA) រំពឹងថា តម្រូវការអ៊ុយរ៉ាញ៉ូមសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែនឹងកើនឡើងជិត៣០% ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ កត្តានេះធ្វើឱ្យមានការព្យាករថា ការផ្គត់ផ្គង់រ៉ែអ៊ុយរ៉ាញ៉ូមមានគ្រប់គ្រាន់ក្នុងរយៈពេលខ្លី ប៉ុន្តែអាចខ្វះនៅក្រោយឆ្នាំ២០៣០៕
ដោយ៖ សុខ មង្គល