ក្រុមអ្នកជំនាញសេដ្ឋកិច្ចអាស៊ាន បានបិទបញ្ចប់ការចរចាដ៏ស្វិតស្វាញលើកិច្ចព្រមព្រៀងនេះជាស្ថាពរហើយ ដូច្នេះផ្លូវត្រូវបានបើកចំហរយ៉ាងទូលាយសម្រាប់ការចុះហត្ថលេខាជាផ្លូវការនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់នៅថ្ងៃទី៣១ ខែឧសភា ថា រដ្ឋជាសមាជិកអាស៊ានទាំងអស់បានឈានដល់ចំណុចព្រមព្រៀង និងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានហើយ។ កិច្ចព្រមព្រៀងនេះត្រូវបានគេប្រសិទ្ធនាមថា ជាកាតាលីករ ឬអ្នកជំរុញបើកផ្លូវ ដើម្បីគូសវាស និងរៀបចំទម្រង់គំរូសេដ្ឋកិច្ចសម័យថ្មីរបស់ប្លុកអាស៊ានទាំងមូល។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ការបិទបញ្ចប់ការចរចាជាប្រវត្តិសាស្ត្រនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៧ ដែលបានប្រព្រឹត្តទៅយ៉ាងក្តៅគគុក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា កន្លងទៅថ្មីៗនេះ។
កិច្ចព្រមព្រៀងកម្រិតតំបន់មួយនេះ គឺជាការរៀបចំយុទ្ធសាស្ត្រទុកជាមុន ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ និងស៊ីជម្រៅ នៃយុគសម័យបច្ចេកវិទ្យាតាមរយៈការបង្កើតច្បាប់ឌីជីថល ដែលមានលក្ខណៈសាមញ្ញ រឹងមាំ និងការបែងចែកផលប្រយោជន៍រួមគ្នា។ តាមរយៈការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាញពីសំណាក់ក្រុមអ្នកជំនាញ ក្របខណ្ឌច្បាប់ថ្មីនេះ នឹងគ្របដណ្តប់ និងគ្រប់គ្រងលើវិស័យបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ រាប់ចាប់តាំងពីបញ្ហាសិប្បនិម្មិត (AI) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) រហូតដល់ការការពារកូដនៅក្នុងតំបន់ទាំងមូល។
មកទល់ពេលនេះ កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលនេះ បានក្លាយជាការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ចដ៏ធំបំផុត និងមានឥទ្ធិពលបំផុតមិនធ្លាប់មានរបស់អាស៊ាន។ តាមរយៈកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ តំបន់អាស៊ានទាំងមូលនឹងទទួលបាននូវការសម្រួលពាណិជ្ជកម្មឆ្លងដែន, បណ្តូរទិន្នន័យប្រកបដោយសុវត្ថិភាព, បដិវត្តន៍ហិរញ្ញវត្ថុ ដែលសំដៅដល់ការជំរុញ និងបង្កើនប្រសិទ្ធភាពការទូទាត់ឌីជីថល ក៏ដូចជាប្រតិបត្តិការអេឡិចត្រូនិកគ្រប់ប្រភេទ និងផ្តល់ជាខែលការពារសម្រាប់អ្នកប្រើប្រាស់តាមរយៈការពង្រឹងការការពារសុវត្ថិភាពជូនអ្នកប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ បន្ថែមលើនេះ វានឹងជួយលើកកម្ពស់អន្តរប្រតិបត្តិការឌីជីថលកាន់តែស្អិតរមួត និងមានធ្លុងមួយនៅទូទាំងតំបន់អាស៊ានទាំងមូល៕
ដោយៈ សរ សុជាតិ