អាជ្ញាធរម៉ាឡេស៊ី បានសម្រេចរឹតបន្តឹងការនាំចូលត្រីឆ្ពុង និងបង្គា ដែលជាគ្រឿងសមុទ្រដ៏មានសក្តានុពលរបស់ថៃ ដែលអាចធ្វើឱ្យគ្រឿងសមុទ្រទាំងនេះជោរជន់ពេញប្រទេស ហើយបង្ខំឱ្យថៃ ត្រូវប្រញាប់ប្រញាល់ស្វែងរកទីផ្សារអន្តរជាតិថ្មីៗមកជំនួសជាបន្ទាន់។
យោងតាមបទបញ្ជាថ្មីរបស់ម៉ាឡេស៊ី សម្រាប់ត្រីឆ្ពុងរបស់ថៃ អ្នកនាំចេញដាច់ខាតត្រូវតែភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រវិភាគវាយតម្លៃគុណភាព ដើម្បីបញ្ជាក់ថា ផលិតផលទាំងនោះបានបំពេញតាមស្តង់ដាសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹងរបស់ម៉ាឡេស៊ី។ អ្វីដែលគួរឱ្យតក់ស្លុតជាងនេះទៅទៀតនោះ គឺការនាំចូលបង្គាទាំង៥ប្រភេទរបស់ថៃ រួមមាន បង្គាខ្លា បង្គាស បង្គាចេក និងបង្គាពូជសំខាន់ៗដទៃទៀត ត្រូវបានម៉ាឡេស៊ី ប្រកាសផ្អាកជាបណ្តោះអាសន្នទាំងស្រុង។
អាជ្ញាធរម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងនេះនឹងបន្តអូសបន្លាយឥតកំណត់រហូតទាល់តែភាគីថៃ អាចបង្ហាញភស្តុតាង ព័ត៌មាន និងឯកសារបច្ចេកទេសពាក់ព័ន្ធនឹងស្តង់ដាសុវត្ថិភាពចំណីអាហារមកឱ្យគ្រប់គ្រាន់ និងច្បាស់លាស់ជាមុនសិន។
ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា វិធានការរឹតបន្តឹងភ្លាមៗរបស់ម៉ាឡេស៊ី នឹងបង្កើតជាវិបត្តិការផ្គត់ផ្គង់លើសតម្រូវការយ៉ាងគំហុក ពោលគឺគ្រឿងសមុទ្ររាប់រយរាប់ពាន់តោន នឹងត្រូវជោរជន់ និងកកស្ទះពេញទីផ្សារក្នុងប្រទេសថៃ ព្រោះទំនិញដែលត្រូវនាំចេញ ត្រូវបានបង្ខំឱ្យបង្វែរមកលក់ក្នុងស្រុកវិញ ឬត្រូវបង្ខំចិត្តលក់បញ្ចុះតម្លៃ ដើម្បីរង់ចាំទីផ្សារថ្មី។
ក្រៅពីវិបត្តិទំនិញអត់ច្រកចេញ អ្នកនាំចេញត្រីឆ្ពុងរបស់ថៃ ក៏ត្រូវប្រឈមមុខនឹងការចំណាយដើមទុនបន្ថែមយ៉ាងសន្ធឹកសន្ធាប់ទៅលើការធ្វើតេស្តក្នុងមន្ទីរពិសោធជាន់ខ្ពស់ និងត្រូវខាតបង់ពេលវេលាយ៉ាងយូរក្នុងការរង់ចាំលទ្ធផល ដែលកត្តានេះនឹងធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូនត្រូវជួបភាពរាំងស្ទះ និងខូចគុណភាពទំនិញជាក់ជាមិនខាន។
ជាមួយគ្នានេះ អាជ្ញាធរពាណិជ្ជកម្មថៃ បានចេញមុខអំពាវនាវ និងបញ្ជាឱ្យក្រុមហ៊ុននាំចេញជលផលទាំងអស់នៅទូទាំងប្រទេស ត្រូវត្រៀមលក្ខណៈប្រុងជើងការកម្រិតខ្ពស់បំផុត ប្រញាប់ដកដៃរហ័សជើងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗមកជំនួសជាបន្ទាន់ និងត្រូវតាមដានរាល់ការវិវឌ្ឍនៃសង្គ្រាមជលផលឆ្លងដែននេះ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ឱ្យមកនៅកម្រិតទាបបំផុត៕
ដោយ: តែម សុខុម