សកម្មភាពរោងចក្ររបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកត់ត្រាពីសកម្មភាពយឺតបំផុតក្នុងរយៈពេល១០ខែចុងក្រោយ ចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់។
សន្ទស្សន៍របស់ក្រុមហ៊ុនឯកជន ដែលបានបង្ហាញដោយសារព័ត៌មានចិន Caixin បានឲ្យដឹងថា សកម្មភាពរោងចក្រនៅក្នុងប្រទេសចិនក៏បានធ្លាក់ចុះផងដែរ បើទោះបីជាគេផ្តើមបន្ធូរបន្ថយវិធានការកូវីដ១៩មួយចំនួននៅក្នុងស្រុកក្តី។ វិធានការដ៏តឹងរ៉ឹងនេះហើយ ដែលបានវាយលុកប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកចាប់ពីក្នុងត្រីមាសទីពីរឆ្នាំ២០២០មកម្ល៉េះ។
សន្ទស្សន៍ដែលបានបង្ហាញដោយសារព័ត៌មានចិន Caixin ដដែល បានកត់សម្គាល់ពីការប្រឹងប្រែងជំនះការលំបាក់ក្នុងរោងចក្រនៅក្នុងប្រទេសនៅអាស៊ីភាគច្រើន ក្នុងការដោះស្រាយជាមួយនឹងសម្ពាធផ្ទួនៗ ក្នុងនោះរួមមាន តម្លៃទំនិញវត្ថុធាតុដើមឡើងថ្លៃ និងការធ្លាក់ចុះនៃតម្រូវការ ជាពិសេសតម្រូវការពីប្រទេសចិន។ក្នុងចំណោមវត្ថុធាតុដើមសំខាន់ៗដែលបានឡើងថ្លៃរួមមាន ប្រេងឥន្ធនៈ លោហធាតុ និងគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក។
ឧទាហរណ៍ជាក់ស្តែងតែម្តង ក្នុងប្រទេសវៀតណាមក្បែរខាងកម្ពុជា រោងចក្រនៅទីក្រុងហូជីមិញសារតែដោយប្រឈមនឹងកង្វះខាតវត្ថុធាតុដើម និងការបញ្ជាទិញធ្លាក់ចុះ បានបង្ខំឱ្យថៅកែរោងចក្រវាយនភណ្ឌ កាត់ដេរនៅវៀតណាមសម្រេចកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ ហើយដែលបាននិងកំពុងប៉ះពាល់ដល់ប្រាក់ចំណូលកម្មករ។
គួរជម្រាបថា ការកើនឡើងនៃតម្លៃទំនិញពិភពលោក ចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ស្រាប់ដែលបណ្តាលមកពីជំងឺរាតត្បាត ក្រោយមកទៀតដោយសារសង្រ្គាមនៅអ៊ុយក្រែន កំពុងបង្កជាបញ្ហាប្រឈមដល់អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយនៅទូទាំងពិភពលោក ។ ធនាគារកណ្តាលប្រទេសជាច្រើន បានប្រញាប់ប្រញាល់រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ តម្លើងអត្រាការប្រាក់ ខណៈក្រុមហ៊ុននិងរោងចក្រឯកជនព្យាយាមកាត់បន្ថយការចំណាយ។
សូមបញ្ជាក់ថា ក្នុងចំណោមសកម្មភាពរោងចក្រទាំងអស់ក្នុងតំបន់ មានតែសកម្មភាពរោងចក្ររបស់ប្រទេសឥណ្ឌាទេ ដែលបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតរបស់ខ្លួន គិតត្រឹមរយៈពេល៨ខែចុងក្រោយ។ វាបានជួយឱ្យមានភាពរឹងមាំផងដែរ នៅក្នុងការបញ្ជាទិញនិងការផលិតថ្មីៗ សម្រាប់បណ្តាប្រទេសនៅអាស៊ីខាងត្បូង៕