កូរ៉េខាងត្បូងកំពុងធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់ផ្នែកយុទ្ធសាស្ត្រក្នុងការពិចារណាដាក់ពង្រាយកម្លាំងយោធាទៅកាន់ច្រកសមុទ្រហ័រមូស ខណៈដែលកម្ដៅនៃសម្ពាធនយោបាយពីសំណាក់សហរដ្ឋអាម៉េរិកកើនឡើងកាន់តែខ្លាំង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញា ថា ទីក្រុងសេអ៊ូលកំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តសំខាន់ៗរួមមានអាម៉េរិក ព្រីតថេន និងបារាំង ដើម្បីស្វែងរកយន្តការរួមក្នុងការការពារសេរីភាពនៃនាវាចរណ៍លើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ប៉ុន្តែលទ្ធផលនៃកិច្ចព្រមព្រៀងជាក់លាក់នៅតែមិនទាន់លេចរូបរាងនៅឡើយទេ។
ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់បានចេញមុខបដិសេធដោយបកស្រាយថា របាយការណ៍ដែលអះអាងថា កូរ៉េខាងត្បូងសម្រេចចិត្តដាក់ពង្រាយទ័ពនោះ គឺជាព័ត៌មានខុសពីការពិត។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា រាល់ការប្រមូលកម្លាំង ឬបញ្ជូនយោធាទៅក្រៅប្រទេស ត្រូវឆ្លងកាត់ការពិចារណាយ៉ាងហ្មត់ចត់លើទិដ្ឋភាពច្បាប់ក្នុងស្រុក កម្រិតនៃការត្រៀមខ្លួនផ្នែកយោធា ជាពិសេសត្រូវមានការអនុម័តយល់ព្រមពីសភាជាតិជាមុនសិន។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានទម្លាយថា ផែនការរៀបចំយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូងកំពុងដំណើរការយ៉ាងស្ងៀមស្ងាត់ ហើយអាចនឹងត្រូវទម្លាក់ជូនសភាជាតិពិនិត្យនៅក្នុងខែនេះ ដើម្បីបើកផ្លូវឱ្យមានការដាក់ពង្រាយកងទ័ពមុនដំណាច់ឆ្នាំ២០២៦ នេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា ជម្រើសសឹកដែលកំពុងត្រូវបានលើកមកជជែកដេញដោលរួមមានការបញ្ជូនយន្តហោះល្បាតសមុទ្រ, នាវាប្រយុទ្ធ និងនាវាគាំទ្រភស្តុភារកងទ័ពជើងទឹក និងក្រុមកម្ទេចគ្រាប់រំសេវ និងបោសសម្អាតមីនក្នុងទឹក។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធារបស់កូរ៉េខាងត្បូងពេលនេះ កំពុងត្រូវគេតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាអាចជាចំណុចរបត់ថ្មីមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថាមពលសកល៕
ដោយៈ សរ សុជាតិ