វិស័យ SME

តើមានកត្តារួមផ្សំអ្វីខ្លះធ្វើឱ្យការស្នើសុំអាជ្ញាបណ្ណអាជីវកម្មនៅកម្ពុជា មានភាពស្មុគស្មាញជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់?


វិស័យសហគ្រាសធុនតូច និងមធ្យម ឬ SME ត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពធន់ និងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ។ ទោះជាយ៉ាងណា សហគ្រិនជាច្រើននៅតែប្រឈមនឹងឧបសគ្គមួយចំនួនក្នុងការងើបឈរ និងពង្រីកខ្សែច្រវាក់ផលិតកម្ម ជាពិសេសនីតិវិធី នៃការស្នើសុំអាជ្ញាបណ្ណអាជីវកម្មមានភាពស្មុគស្មាញ និងត្រូវឆ្លងកាត់ក្រសួង-ស្ថាប័នច្រើនដំណាក់កាល។ តើភាពស្មុគស្មាញក្នុងការសុំអាជ្ញាបណ្ណបើកអាជីវកម្មនេះបង្កឡើងដោយសារកត្តាអ្វីខ្លះ? ហើយរាជរដ្ឋាភិបាលត្រូវដោះស្រាយដោយរបៀបណា?
វិស័យ SME
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា ភាពស្មុគស្មាញក្នុងការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មក្នុងវិស័យ SME អាចកើតចេញពីកត្តារួមផ្សំជាច្រើនរាប់ចាប់ពីការឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយរបស់អ្នកពាក់ព័ន្ធមួយចំនួនរហូតដល់នីតិវិធីរដ្ឋបាល ដែលត្រូវឆ្លងកាត់ក្រសួង-ស្ថាប័នច្រើនជាន់ថ្នាក់ និងស៊ីពេលយូរ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ដើម្បីដោះស្រាយឫសគល់នៃបញ្ហានេះ រាជរដ្ឋាភិបាលចាំបាច់ត្រូវកាត់បន្ថយក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យនៅតិចជាងមុន ពង្រឹងការចុះបញ្ជីតាមថ្នាលឌីជីថលតាមច្រកចេញចូលតែមួយ និងជំរុញការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។

សម្រាប់អ្នកជំនាញរូបនេះ ការកែទម្រង់ដោយកាត់បន្ថយបែបបទការិយាធិបតេយ្យ និងលុបបំបាត់អំពើពុករលួយនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ថា នីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណអាជីវកម្មនៅកម្ពុជា នៅតែមានផលលំបាក និងសាំញ៉ាំច្រើន បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ដូចជាវៀតណាម និងសិង្ហបុរីជាដើម។

លោកបានទាញការចាប់អារម្មណ៍ថា បញ្ហានេះកើតឡើងដោយសារកម្ពុជាមិនទាន់មានប្រព័ន្ធច្រកចេញចូលឌីជីថលរួមមួយ ដែលមានភាពល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយដូចប្រទេសជិតខាង។

យ៉ាងណាមិញលោកបណ្ឌិត ញិល រដ្ឋា បានផ្តល់ជាយោបល់ថា ដើម្បីលុបបំបាត់ភាពស្មុគស្មាញ និងជំរុញវិស័យ SME ឱ្យកាន់តែរីកចម្រើន កម្ពុជាត្រូវបង្កើតច្រកចេញចូលតែមួយតាមប្រព័ន្ធឌីជីថលរួម បង្កើតមជ្ឈមណ្ឌលគាំទ្រការចុះបញ្ជី និងរៀបចំយន្តការភ្ជាប់អាជ្ញាបណ្ណទៅនឹងការទទួលបានប្រភពទុនផ្លូវការជាដើម។

ឆ្លើយតបនឹងការព្រួយបារម្ភ និងកង្វល់របស់វិស័យឯកជនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រគល់ភារកិច្ចជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំរៀបចំ និងគិតគូរដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ព្រមទាំងបង្កើតកញ្ចប់លើកទឹកចិត្តដល់សហគ្រាស SME។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល រាល់ធាតុចូល និងការរិះគន់បែបស្ថាបនាទាំងឡាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងលើវិបត្តិលិខិតស្នាម ដែលបង្កភាពស្មុគស្មាញទាំងនេះដោយព្យាយាមសម្រួលកាត់បន្ថយការត្រួតពិនិត្យជាន់គ្នារវាងក្រសួង និងក្រសួង បង្រួញរយៈពេល និងកាត់បន្ថយថ្លៃសេវាឱ្យទាបជាងមុន។ ជាចំណាត់ការចំពោះមុខ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំអាជ្ញាប័ណ្ណល្បឿនលឿនសាកល្បងចាប់ពីខែសីហា តទៅ ដោយអនុវត្តដំបូងលើសិប្បកម្មផលិតសាប៊ូ ដោយកាត់បន្ថយពេលវេលាមកនៅត្រឹម៦ថ្ងៃប៉ុណ្ណោះ ហើយប្រសិនបើទទួលបានជោគជ័យយន្តការនេះនឹងត្រូវពង្រីកទៅអនុវត្តលើវិស័យអាជីវកម្មផ្សេងៗទៀត៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ម្ចាស់សាប៊ូស្ពៃ ចាត់ទុកការក្លែងបន្លំម៉ាកយីហោសាប៊ូស្ពៃ ពីសំណាក់ជនខិលខូច ជាការរំលោភបំពានទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ

ស្របពេលដែលផលិតផល ផលិតក្នុងស្រុកកំពុងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន មានជនខិលខូចមួយចំនួនបានលួចនាំចូលទំនិញពីខាងក្…

តើការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ បានជះឥទ្ធិពលយ៉ាងណាមកលើវិស័យអចលនទ្រព្យនៅកម្ពុជា?

វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានអ្នកជំនាញវាយតម្លៃថា នឹងបន្តស្ថិតក្នុងដំណាក់កាលកែតម្រូវរហូតដល់ឆ្នាំ២០២៧ ដោយសារឥទ្ធិពលនៃភាពមិនប្រាកដប្រជា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ