
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរចំពោះការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហាក់កំពុងចុះខ្សោយបន្តិចម្ដងៗ។ តែយ៉ាងណាកង្វះវេទិការសារធារណៈសម្រាប់ជជែក និងពិភាក្សាពីបញ្ហាជាតិ និងអន្តរជាតិ បានធ្វើឱ្យពលរដ្ឋហាក់មិនមានមនសិការជាតិ ក្នុងការឆ្លើយតបតាមស្ថានភាព ដែលត្រូវបានប្រទេសជិតខាងឈ្លានពាន ដែលកត្តានេះបានធ្វើឱ្យចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ធ្លាក់ចុះ។ អ្នកជំនាញរូបនេះ ក៏បានសំណូមពរដល់អាជីវករ ដែលជាអ្នកលក់រាយនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះកុំឆ្លៀតឱកាសលក់ឡើងថ្លៃក្រោមហេតុផលខ្វះទំនិញ ព្រោះវាអាចនាំឱ្យពលរដ្ឋបោះបង់ចលនាធ្វើពហិការមិនប្រើផលិតផលថៃ។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការធ្វើពហិការផលិតផលថៃ របស់ពលរដ្ឋខ្មែរវាកើតចេញពីស្មារតីជាតិនិយម ហើយសម្រាប់អ្នកដែលមិនបានចូលរួមជាមួយ ក៏មិនបានខុសនោះដែរ ព្រោះវាសិទ្ធិរបស់បុគ្គល។ តែយ៉ាងណាអ្នកជំនាញរូបនេះ សង្កេតឃើញថា ស្របពេលការផលិតផលិតផលក្នុងស្រុកហាក់មិនទាន់អាចផ្គត់ផ្គត់តម្រូវការទីផ្សារបានទាំងស្រុង គួបផ្សំមហាជនមានទំនោរទៅរកផលិតផលខ្មែរផងនោះ បានធ្វើឱ្យអាជីវករលក់រាយមួយចំនួនឆ្លៀតឱកាសលក់ដំឡើងថ្លៃ ដែលវាជាកត្តាមួយអាចជំរុញឱ្យពលរដ្ឋងាកទៅប្រើប្រាស់ផលិតថៃ ឡើងវិញ។
គួរបញ្ជាក់ថា បន្ទាប់ពីពលរដ្ឋបានធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ក្រោយពីពលរដ្ឋបានឈឺចាប់ចំពោះការឈ្លានពានរបស់ថៃ លើកម្ពុជា យ៉ាងព្រៃផ្សៃកាលកន្លងនេះ នៅក្នុងរយៈពេល៨ខែនេះ កម្ពុជា នាំចេញទំនិញទៅថៃ មានទឹកប្រាក់ប្រមាណជាង៥៣៤លានដុល្លារធ្លាក់ចុះ៦,៤% ហើយថៃ នាំចូលមកវិញមានទឹកប្រាក់២,១២៥លានដុល្លារ ធ្លាក់ចុះ៤,១%។ ជាមួយគ្នានេះ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំជាង៤ពាន់២៨៨លានដុល្លារកើនឡើងជាង១៥% ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំ៨៤៤លានដុល្លារ ហើយថៃ នាំចូលមកម្ពុជាវិញមានទំហំជាង៣,៤៤៣លានដុល្លារ។ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ ជា ម៉ារ៉ា