ប៉ុន្តែក្នុងព្យុះដ៏ងងឹតក៏នៅមានពន្លឺសង្ឃឹមខ្លះដែរថា លោក អានុទីន អាចនឹងបន្ទន់ឥរិយាបថដើម្បីស្ដារសេដ្ឋកិច្ចក្រោយជាប់ឆ្នោត ខណៈពេលនេះសេដ្ឋកិច្ចថៃ កំពុងមានជំងឺ។
លទ្ធផលបឋមពីការរាប់សន្លឹកឆ្នោតប្រមាណជាង៩០ភាគរយពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យបានបង្ហាញថា គណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុល អាចនឹងទទួលបាន ២០០អាសនៈ ដូច្នេះលោក អានុទីន អាចនឹងរក្សាកៅអីនាយករដ្ឋមន្រ្តីបានយ៉ាងណែនក្នុងកណ្តាប់ដៃ។ ជ័យជម្នះនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីមនោសញ្ចេតនាម្ចាស់ឆ្នោតថៃ ដែលហាក់ពេញចិត្តនឹងវោហារសាស្ត្រជាតិនិយមជ្រុលរបស់លោក អានុទីន កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលកាលនោះលោកមិនរារែកក្នុងការប្រើយុទ្ធសាស្ត្រ ដែលមានមហិច្ឆតាចង់ឈ្លានលើដែនអធិបតេយ្យភាពកម្ពុជាឡើយ។
តាមរយៈគោលនយោបាយជាតិនិយមដែលនាំឱ្យគណបក្សភូមិចៃថៃ របស់លោក អានុទីន ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនេះ វាអាចក្លាយជាមេរៀនជោគជ័យមួយសម្រាប់អ្នកនយោបាយថៃ ផ្សេងទៀត ឱ្យបន្តប្រើប្រាស់សន្លឹកបៀរជាតិនិយម ដើម្បីកេងចំណេញនយោបាយនៅថ្ងៃអនាគត ដែលវានឹងធ្វើឱ្យបញ្ហាព្រំដែនរវាងខ្មែរថៃ ក្លាយជាចំណាប់ខ្មាំងនយោបាយជារៀងរហូត។
តែយ៉ាងណាអ្នកវិភាគខ្លះមានសុទិដ្ឋិនិយមថា បញ្ហាព្រំដែនកម្ពុជា-ថៃ អាចមានភាពធូរស្រាល ព្រោះលោក អានុទីន អាចនឹងសម្រាលស្ថានការណ៍ជាជំហានៗ តាមយុទ្ធសាស្រ្តការទូត ពីព្រោះសម្តីចុងក្រោយមុនបញ្ចប់យុទ្ធនាការបោះឆ្នោតលោកបានលើកឡើងថា បញ្ហា និងវិបត្តិព្រំដែនជាមួយនឹងកម្ពុជា មានតែគណបក្សលោកប៉ុណ្ណោះ ដែលអាចបញ្ចប់បានដោយសារគណបក្សនេះជាគណបក្សបែបអភិរក្សហើយជិតស្និទ្ធនឹងយោធាក៏ដូចជារាជវាំង។ តែអ្នកវិភាគខ្លះទៀតបានលើកឡើងថា ពលរដ្ឋថៃ គាំទ្រលោក អានុទីន មិនមែនដោយសារបញ្ហាជាតិនិយម ឫអនុត្តរភាពយោធានោះទេ គឺដោយសារពួកគេចង់ឲ្យបញ្ហាព្រំដែនវាឆាប់ចប់ហើយអាចស្តារជីវភាព និងការអភិវឌ្ឈន៍សេដ្ឋកិច្ចថៃ ឡើងវិញ។
ក្រុមអ្នកវិភាគលើកឡើងថា ជាមួយនឹងលទ្ធផលនេះ កម្ពុជា គួរតែភ្ញាក់ខ្លួនហើយចាំបាច់ត្រូវតែងើបឈរដោយស្វាហាប់ និងវាយបកលើគ្រប់សមភូមិ ជាពិសេសសមភាពការទូត និងសាធារណៈមតិ បន្ថែមលើការពង្រឹង និងអភិវឌ្ឈន៍វិស័យការពារជាតិ និងសេដ្ឋកិច្ច។ ស្ថិតក្នុងស្ថានភាពនេះ កម្ពុជា កុំអាលក្តុងក្តាំងចាំមើលខ្យល់ និងស្ថានការណ៍ ដើម្បីរក្សាស្ថិរភាពការទូត និងចៀសវាងការបង្កើនភាពតានតឹង។ ប៉ុន្តែការពង្រឹងសមត្ថភាព ពោលគឺការទូត ព័ត៌មាន សាធារណមតិ សេដ្ឋកិច្ច និងយោធាត្រូវតែច្បាស់លាស់ និងដាច់ខាត។
លើសពីនេះ កម្ពុជាត្រូវតែបង្កើនសម្ពាធ ហើយពង្រឹងនយោបាយការទូតឲ្យសកម្មដោយប្រើប្រាស់យន្តការច្បាប់ និងសន្ធិសញ្ញាដែលមានការទទួលស្គាល់ជាអន្តរជាតិ ឲ្យរស់រវើក។ ការបង្កើនស្មារតីជាតិនិយមឱ្យខ្លាំង និងសម្រួចកសាងមូលដ្ឋានផ្ទៃក្នុងឲ្យរឹងមាំតាមគ្រប់ទិដ្ឋភាពក៏ជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា ត្រូវធ្វើផងដែរ ព្រោះអ្វីៗទាំងអស់យើងបានឃើញហើយថា កាលណាយើងខ្សោយនោះយើងនឹងក្លាយជាជនរងគ្រោះ ទោះពេលនេះមិនវាមិនអី តែពេលអនាគតវាគង់តែអី គង់តែមានបញ្ហាទេ។
សរុបសេចក្តីមកជ័យជម្នះរបស់លោក អានុទីន គឺជាការក្រើនរំលឹកថា នយោបាយជាតិនិយមថៃ នៅតែជា ឆ្អឹងទទឹងក ក្នុងការស្តារទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ។ ដូច្នេះកម្ពុជា ត្រូវតែអនុវត្តយុទ្ធសាស្ត្រអត់ធ្មត់ មិនបង្កជម្លោះ តែត្រៀមឆ្លើយតបគ្រប់ស្ថានការណ៍។ ការពង្រឹងឯករាជ្យភាពសេដ្ឋកិច្ច និងសមត្ថភាពការពារជាតិ គឺជាគន្លឹះដែកថែបក្នុងការរក្សាអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស ទោះបីជាព្យុះនយោបាយបោកបក់មកពីទិសដៅណាក៏ដោយក៏មិនអាចរំលំរលាយបានឡើយ៕