ទោះយ៉ាងណា អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងរៀបចំគោលនយោបាយរបស់ចិន បានគូសបញ្ជាក់ថា ប្រទេសចិនគួរតែងាកទៅពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអាស៊ានឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងបរិបទបែបនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន SCMP។
យោងតាមទិន្នន័យថ្មីរបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសឥណ្ឌាបានបង្ហាញថា ប្រទេសចិនបានបាត់បង់តំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌាដោយធ្លាក់ទៅលើដៃសហរដ្ឋអាមេរិកវិញម្ដងកាលពីឆ្នាំមុន។
ទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកទាំង២នេះ គឺឥណ្ឌានិងចិនបានឈានដល់កម្រិតខ្ពស់ក្នុងចំនួនជាង ១១៥ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២ ដែលបានបញ្ចប់ក្នុងខែមីនា ពោលគឺបានកើនឡើងជាង ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
ប៉ុន្តែ នៅក្នុងរយៈពេលដូចគ្នានេះ បើមើលទៅលើទំហំពាណិជ្ជកម្មដែលឥណ្ឌាមានជាមួយអាមេរិកវិញ មានដល់ជិត១២០ពាន់លានដុល្លារកើនឡើងជាង៤៨%។ ពោលគឺ ទំហំពាណិជ្ជកម្មរវាងអាមេរិក និងឥណ្ឌា មានលើសទំហំពាណិជ្ជកម្មរវាងចិន និងឥណ្ឌា ប្រមាណ៤ពាន់លានដុល្លារអាមេរិក។
លោក ហេ វ៉េវិន (He Weiwen) អតីតអ្នកប្រឹក្សាពាណិជ្ជកម្មនៅស្ថានអគ្គកុងស៊ុលចិននៅទីក្រុង San Francisco សហរដ្ឋអាមេរិកបាននិយាយថា ពាណិជ្ជកម្មរវាងឥណ្ឌា និងអាមេរិកគឺជាការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ លោកវ៉េវិន បន្ថែមថា វាគឺជានិន្នាការមួយដែលតម្លៃពាណិជ្ជកម្មរបស់ឥណ្ឌានិងអាមេរិកនឹងកើនលើសពីពាណិជ្ជកម្មរវាងឥណ្ឌា និងចិន ប៉ុន្តែវានៅតែមានទាបជាងពាណិជ្ជកម្មរវាងចិន-អាមេរិកឆ្ងាយណាស់។
អ្នកជំនាញចិនរូបនេះ បាននិយាយថា ប្រទេសចិនគួរតែផ្តោតលើការកែសម្រួលនូវភាពចុះខ្សោយនៃការតភ្ជាប់ក្នុងស្រុក និងគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន ដែលដៃគូពជាពាណិជ្ជកម្មកំពូលរបស់ខ្លួន ដែលតំបន់នេះមានខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញសម្រាប់ចិន។
អ្នកជំនាញសង្កត់ធ្ងន់ទៀតថា ប្រទេសចិនក៏គួរតែដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩ថ្មីៗនេះពាក់ព័ន្ធនឹងក្រុមហ៊ុនដែលផ្តល់មូលនិធិមកពីបរទេស។ ការប្រកួតប្រជែងជាមួយប្រទេសឥណ្ឌា និងវៀតណាមមិនមែនជារឿងសំខាន់បំផុតនោះទេ ដោយសារតែទំហំពាណិជ្ជកម្មរបស់ពួកគេតូចពេក។ ចិនគួរតែធ្វើការងារឱ្យបានល្អលើរឿងរបស់ចិនជាមុនសិន។
ជាមួយគ្នានេះ លោក ចុង ចេងសេង (Zhong Zhengsheng) ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនមូលបត្រ ភីងអាន (Pingan) បាននិយាយថា ចិនគួរតែធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន ដើម្បីប្រឆាំងទប់ទល់នឹងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ ជា