វិស័យធុរកិច្ច

កិច្ចប្រជុំថ្នាក់ដឹកនាំធុរកិច្ចនៅម៉ាឡេស៊ី បង្ហាញពីឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា រួមជាមួយនឹងគណៈប្រតិភូមកពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឫទ្ធី បានផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំអាហារពេលព្រឹកជាមួយថ្នាក់ដឹកនាំធុរកិច្ចម៉ាឡេស៊ី ដោយផ្តោតលើការពិភាក្សាអំពីឱកាសវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគម៉ាឡេស៊ី និងផ្តល់ការគាំទ្រចាំបាច់ទាំងអស់សម្រាប់ភាពជោគជ័យ និងការរីកចម្រើនយូរអង្វែង។
វិស័យធុរកិច្ច
ដោយ

ក្នុងកិច្ចប្រជុំអាហារពេលព្រឹក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំធុរកិច្ចម៉ាឡេស៊ីថា នេះគឺជាពេលវេលាដ៏ល្អមួយក្នុងការស្រូបទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា ដ្បិតថា កម្ពុជា មានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ជាមួយបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រ។ អ្នកឧកញ៉ាបានបន្តថា បរិយាកាសធុរកិច្ចនៅកម្ពុជា គឺបើកចំហ និងតម្លាភាព ជាមួយនឹងគោលនយោបាយដែលអាចព្យាករបាន ដែលគាំទ្រអ្នកវិនិយោគបរទេស។

សម្រាប់អ្នកឧកញ៉ា សៀ ឫទ្ធី កម្លាំងពលកម្មនៅកម្ពុជា កាន់តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចសម្របខ្លួនបាន ដែលធ្វើឱ្យកម្ពុជា ក្លាយជាជម្រើសប្រកួតប្រជែងក្នុងការផលិត និងសេវាកម្ម។ ទន្ទឹមនេះ ការបង្កើតក្រុមហ៊ុនថ្មីនៅកម្ពុជា មានភាពរហ័សរហួនជាងប្រទេសជិតខាងជាច្រើន ដោយសារដំណើរការមានភាពរលូន ហើយរដ្ឋាភិបាលប្តេជ្ញាគាំទ្រអាជីវកម្មបរទេសគ្រប់ជំហាន។ កត្តាស្ថិរភាពរូបិយប័ណ្ណ និងមូលដ្ឋានគ្រឹះបទប្បញ្ញត្តិដ៏រឹងមាំត្រូវបានបង្កើតឡើងជាអត្ថប្រយោជន៍សំខាន់មួយទៀតសម្រាប់អ្នកវិនិយោគថ្មី។ បន្ថែមពីនេះ ច្បាប់វិនិយោគផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពន្ធជាច្រើន ដែលធានាបាននូវក្របខណ្ឌបទប្បញ្ញត្តិរឹងមាំសម្រាប់ការវិនិយោគគ្រប់ប្រភេទ។

ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ជាមជ្ឈមណ្ឌលភស្តុភារកម្ម និងការតភ្ជាប់ ដោយកម្ពុជា កំពុងសម្លឹងមើលក្នុងការអភិវឌ្ឍខ្លួនទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកតំបន់ពាណិជ្ជកម្មសេរី ពោលគឺគំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងការតភ្ជាប់ និងភាពទាក់ទាញរបស់កម្ពុជា សម្រាប់អាជីវកម្មអន្តរជាតិ៕




អត្ថបទបន្ទាប់


ស្របពេលដំឡូងមីកំពុងជួបបញ្ហាទីផ្សារ តើអ្នកដាំដំឡូងមីគួរងាកទៅដាំដំណាំផ្សេងជំនួសវិញ ឬយ៉ាងណា?

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗបានលើកទឹកចិត្តឱ្យកសិករដាំដំឡូងមីគួរងាកទៅដាំដំណាំផ្សេង ដែលមានសក្តានុពលទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ