
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) កត់សម្គាល់ឃើញថា ក្រោយផលិតផលខ្មែរទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋខ្មែរ មានជនឆ្លៀតឱកាសមួយចំនួនបានបញ្ជាទិញផលិតផលពីប្រទេសជិតខាង ដោយតម្រូវឱ្យរោងចក្រកាត់បន្ថយគុណភាព និងទម្លាក់ថ្លៃដើមឱ្យទាប ហើយដាក់ផ្លាកសញ្ញាជាផលិតផលក្នុងស្រុក។ ការណ៍នេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក ដោយសារផលិតផលនាំចូលមានតម្លៃទាបជាងផលិតផលក្នុងស្រុក។ បើតាមការអះអាងរបស់ឧកញ៉ា តែ តាំងប៉ សមាគមលោកនឹងស្វែងរកវិធានការចាំបាច់នានាពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការលើជនឆ្លៀតឱកាសដែលនាំផលិតផលពីបរទេស ហើយពាក់ស្លាកសញ្ញាផលិតនៅកម្ពុជា ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យ SME របស់កម្ពុជា។
ស្របពេលផលិតខ្មែរកំពុងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ឧកញ៉ា តែ តាំងប៉ ជំរុញឱ្យសហគ្រាសក្នុងស្រុកត្រូវបង្កើនការផលិត រក្សាគុណភាពផលិតផលឱ្យស្របតាមស្តង់ដា និងរក្សាតម្លៃសមរម្យជាដើម ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ និងឈានដល់ការនាំចេញទៅបរទេស។
បើតាមឧកញ៉ា តែ តាំងប៉ នៅមួយរយៈកន្លងមកនេះ ផលិតផលក្នុងស្រុកប្រភេទគ្រឿងផ្សំចំណីអាហារប្រើប្រាស់ប្រចាំថ្ងៃទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះស្នើឱ្យពលរដ្ឋបន្តជួយគាំទ្រផលិតផលខ្មែរ ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីបរទេស និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក។ ការលើកឡើងបែបនេះរបស់ឧកញ៉ា តែ តាំងប៉ ធ្វើឡើងក្នុងវេទិកាអ្នកសារព័ត៌មាន ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន