ការប៉ះទង្គិចគ្នាតូចធំ ទាំងនៅលើសមរភូមិ និងនៅតាមផ្លូវក្នុងទីក្រុង កំពុងកើតឡើងឥតដាច់តែម្តង។ គេមិនអាចដឹងច្បាស់ទេថា តើកងទ័ពរុស្ស៊ីឬអ៊ុយក្រែន ជាអ្នកមានប្រៀបជាង ដោយសារតែស្ថានការណ៍នៅសមរភូមិ គឺផ្លាស់ប្តូរលឿនខ្លាំងណាស់ ពីមួយម៉ោងទៅ១ម៉ោង នឹងអាចនៅតែបន្តប្រែប្រួលទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបាននិយាយក្នុងខ្សែវីដេអូមួយថា កងទ័ពរបស់លោកមិនបានបោះបង់ចោលទីក្រុង សៀវរីរ៉ូដូណេកឡើយ ទោះបីជា ការប្រយុទ្ធគ្នាតាមផ្លូវកំពុងបន្តធ្វើឡើងក្តីគគុកក្តីដោយបានហៅកងទ័ពរបស់លោកថា ជាវិរបុរស។
ក្រសួងការពារជាតិអ៊ុយក្រែន និយាយថា កាលពីចុងសប្តាហ៍មុនកងទ័ពរុស្ស៊ីបានបើកការវាយប្រហារប្រហារទ្រង់ទ្រាយធំតែម្តង ក្នុងគោលដៅក្តាប់យកតំបន់ភាគខាងកើតឲ្យបាន។ ក្រសួងការពារជាតិអ៊ុយក្រែនបន្តថា ទ័ពរុស្ស៊ីខិតកៀកជិតទៅរកជ័យជំនះទៅហើយកាលពីថ្ងៃអាទិត្យ ប៉ុន្ដែត្រូវបានកងទ័ពអ៊ុយក្រែនទប់ទល់ជាប់ ហើយវាយឲ្យដកថយទៅវិញមួយចំនួន។
គួរជម្រាបថា នៅមួយរយៈចុងក្រោយចុងក្រោយស្ថានការណ៍ភាគខាងកើតអ៊ុយក្រែនកំពុងផុយស្រួយ ប្រធានាធិបតីហ្សេលេនស្គី បានបង្ហាញវត្តមានមិនដាច់ឡើយនៅសមរភូមិមុខ ដើម្បីលើកទឹកចិត្តកងទ័ព និងពិនិត្យការប្រែប្រួលលើសមរភូមិ។
ដោយឡែក លោក ពូទីន ប្រធានាធិបតីរុស្ស៊ីឯណោះវិញ បានព្រមានវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំងក្លាថែមទៀត បើលោកខាងលិចបន្តផ្តល់មីស៊ីលរយៈចំងាយឆ្ងាយទៅឲ្យអ៊ុយក្រែន។
កាលពីពេលថ្មីនេះ លោកពូទីនបានព្រមានថា រុស្ស៊ីនឹងវាយប្រហារគោលដៅថ្មី ប្រសិនបើអ៊ុយក្រែននៅតែទទួលបានប្រព័ន្ធអាវុធដ៏ទំនើប ដែលអាចបាញ់បានឆ្ងាយ ពីបណ្តាប្រទេសលោកខាងលិច។ ការបញ្ជាក់បែបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអាមេរិក និងអង់គ្លេសបានប្រកាសយល់ព្រមផ្ដល់ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយឱ្យទៅអ៊ុយក្រែន។
ទោះយ៉ាងណា បុរសខ្លាំងរុស្ស៊ី លោកពូទីន មិនបានបញ្ជាក់ពីទីតាំងគោលដៅថ្មីទាំងនោះ ឱ្យបានច្បាស់លាស់នៅឡើយ ប៉ុន្តែទំនងជាចង់សំដៅដល់ឃ្លាំងទុកប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ឬអាវុធទំនើបៗ ដែលបានពីលោកខាងលិច ខណៈកន្លងមករុស្ស៊ីវាយប្រហារទីតាំងយោធាជាច្រើនរបស់អ៊ុយក្រែនដូចជាទីបញ្ជាការ ទីតាំងស្តុកអាវុធ និងប្រេងនានា។
ស្របពេលដែល សមរភូមិក៏ក្តៅគគុក ស្ថានភាពការទូតក៏ក្តៅដូចគ្នាដែរ ក្រោយតំណាងរុស្ស៊ីនៅUNដើរចេញពីកិច្ចប្រជុំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បានដើរចេញពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី៦មិថុនា ក្រោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានចោទប្រកាន់ទីក្រុងម៉ូស្គូថា ជាអ្នកបញ្ឆេះវិបត្តិស្បៀងអាហារពិភពលោកជាមួយនឹងការលុកលុយលើអ៊ុយក្រែន។ លោក Charles Michel ក៏បានចោទប្រកាន់កងទ័ពរុស្ស៊ីពាក់ព័ន្ធនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ។
ក្នុងអំឡុងពេលនៃសេចក្តីថ្លែងការណ៍នៅមុនកិច្ចប្រជុំនោះភាគីរុស្ស៊ីលោក Nebenzia បាន បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ណាមួយអំពីអំពើហិង្សាផ្លូវភេទ ដោយទាហានរុស្ស៊ី ហើយថ្កោលទោសអ្វីដែលអឺរ៉ុបបាននិយាយចោទប្រកាន់ទាំងនោះ ថាជារឿងកុហក។
នៅពេលដែលលោក Nebenzia បានចាកចេញពីកិច្ចប្រជុំដោយអារម្មណ៍ខឹងសម្បារ លោកបានប្រាប់អ្នកយកព័ត៌មានរបស់រ៉យទ័រថា លោកមិនអាចទ្រាំនៅស្តាប់ពាក្យកុហកទាំងនេះបានទេ។ ប៉ុន្តែប្រធានក្រុមប្រឹក្សាអឺរ៉ុបវិញនិយាយឆ្លើយតបថា ភាគីរុស្ស៊ីចាកចេញពីបន្ទប់ប្រជុំគឺដោយសារតែគេមិនចង់ស្តាប់លឺការពិត។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឱ្យមានវិបត្តិស្បៀងអាហារពិភពលោកជាមួយនឹងតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ប្រេងឥន្ធនៈ និងជីកសិកម្ម កើនឡើងថ្លៃកាន់តែខ្ពស់។ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនមានចំណែកប្រហែល១ភាគ៣នៃការផ្គត់ផ្គង់ស្រូវសាលីសកល ខណៈដែលប្រទេសរុស្ស៊ីក៏ជាអ្នកនាំចេញជីកសិកម្មដ៏ធំ ហើយអ៊ុយក្រែនជាអ្នកនាំចេញពោត និងប្រេងផ្កាឈូករ័ត្នដ៏ធំផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កំពុងព្យាយាមដើរតួសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងជាកញ្ចប់មួយ ដើម្បីបន្តការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន និងជីរបស់រុស្ស៊ីឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei Lavrov គ្រោងនឹងធ្វើទស្សនកិច្ចនៅតួកគីនៅថ្ងៃពុធសប្ដាហ៍នេះផងដែរដើម្បីពិភាក្សាអំពីដំណោះស្រាយការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន៕