
ប្រទេសកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិ ជិត៣លាននាក់ នៅឆមាសទី១ ឆ្នាំ២០២៥ កើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការធ្វើទេសចរណ៍ក្នុងស្រុកមានការកើនឡើងកាន់តែខ្ពស់ជាមួយចំនួនជាង១៣លាននាក់ កើនឡើងជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ កំណើននេះ បានបង្ហាញពីតម្រូវការ និងគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទោះបីជាការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ បានធ្លាក់ចុះតិចតួចក្នុងត្រីមាសទី២ ក៏ពិតមែន តែកំណើនជារួមនៅរក្សាបានភាពល្អប្រសើរ។ ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសមកបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរបរទេសរបស់កម្ពុជា ជាពិសេសជួយពង្រឹងឋានៈរបស់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្សាន្តដ៏លេចធ្លោរមួយនៅតំបន់អាស៊ីអាគ្នេយ៍។
ចំណូលបានមកពីវិស័យទេសចរណ៍ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយឧស្សាហកម្មនេះរំពឹងទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ជិត៤លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៥ ហើយវានឹងជួយរួមចំណែកប្រមាណ៩,៤% ដល់ GDP ជាពិសេសបានជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មក្នុងស្រុក។
វិស័យទេសចរណ៍ក្នុងស្រុកនៅតែសំខាន់ ដោយប្រជាជនបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ឆ្នេរ និងតំបន់ទេសចរណ៍ទើបបង្កើតថ្មីនានា ដែលវាបានជួយរក្សាតុល្យភាពវិស័យទេសចរណ៍របស់កម្ពុជា ឱ្យមានភាពល្អប្រសើរ៕
ដោយ៖ សុខ មង្គល