អ្នកចិញ្ចឹមសត្វ

អ្នកចិញ្ចឹមគោរំពឹងការផ្អាកការនាំចូលសត្វពាហនៈ និងសាច់សត្វពីថៃ ជួយជំរុញតម្លៃសត្វគោឱ្យកាន់តែមានភាពល្អប្រសើរ


កម្ពុជា បានសម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីគ្រប់ច្រកព្រំដែនថៃ ទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងជំងឺឈាមខ្មៅ ឬអង់ត្រាក់ ដែលកំពុងរាលដាលនៅតំបន់មួយចំនួនក្នុងប្រទេសថៃ។ តាមរយៈការផ្អាកការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃនេះ ត្រូវបានកសិករចិញ្ចឹមគោនៅកម្ពុជា រំពឹងថា នឹងអាចជួយឱ្យតម្លៃទីផ្សារគោរស់នៅក្នុងស្រុក ដែលកំពុងធ្លាក់ចុះឱ្យមានភាពល្អប្រសើរឡើងវិញ។
អ្នកចិញ្ចឹមសត្វ
ដោយ

លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងទិញគោ នៅខេត្តត្បូងឃ្មុំ រំពឹងការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ ដូចជាគោ ក្របី និងផលិតផលសាច់សត្វពីថៃ នឹងជួយជំរុញឱ្យតម្លៃសាច់គោដែលចិញ្ចឹមនៅក្នុងស្រុកមានស្ថានភាពល្អប្រសើរឡើងវិញ ដ្បិតថា កន្លងមកដោយសារតែមានការនាំចូលសាច់គោពីក្រៅប្រទេសដូចជាពីប្រទេសថៃ ជាដើម បានទាញទម្លាក់តម្លៃសាច់គោនៅក្នុងស្រុកឱ្យធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់។ បើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានរូបនេះ តម្លៃគោរស់នាពេលបច្ចុប្បន្នមានតម្លៃប្រមាណ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

បើតាមការអះអាងរបស់លោក ហ៊ត លាង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានកសិករជាច្រើនបានបោះបង់មុខរបរចញ្ចឹមគោ ដោយសារតម្លៃធាក់ចុះខ្លាំង និងមិនទទួលបានប្រាក់ចំណេញ​។ កសិករចិញ្ចឹមគោរូបនេះ ជឿជាក់ថា ក្រោយការផ្អាកការនាំចូលសត្វពាហនៈ និងសាច់សត្វពីប្រទេសថៃ ទំនងជាអាចធ្វើឱ្យការផ្គត់ផ្គង់សាច់គោក្នុងស្រុកមិនគ្រប់តាមតម្រូវការទីផ្សារ ដែលអាចនឹងជំរុញឱ្យតម្លៃសាច់គោមានការកើនឡើង។

​​គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ ជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងជំងឺឈាមខ្មៅ ឬអង់ត្រាក់ ដែលកំពុងផ្ទុះនៅតំបន់មួយចំនួននៅក្នុងប្រទេសថៃ ហើយក្រសួងកសិកម្មនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែន ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យផងដែរ។ គួរបញ្ជាក់ថា ជំងឺនេះមិនទាន់កើតមាននៅប្រទេសកម្ពុជានោះទេ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះ ប្រទេសថៃ មានករណីអ្នកស្លាប់ម្នាក់ ដោយសារឆ្លងជំងឺអង់ត្រាក់ ក្រោយពីទទួលទានសាច់គោ ខណៈមនុស្សជាច្រើននាក់ទៀតកំពុងស្ថិតនៅក្រោមការតាមដានសុខភាព។ ក្រោយមានករណីនេះ ប្រទេសឡាវ ក៏បានផ្អាកការនាំចូលសាច់សត្វជាច្រើនប្រភេទពីប្រទេសថៃ ផងដែរ៕




អត្ថបទបន្ទាប់


អ្នកតាមដានស្ថានការណ៍សង្គមស្នើឱ្យរដ្ឋាភិបាលពង្រឹងវិជ្ជាជីវៈការចុះអនុវត្តច្បាប់ផាកពិន័យរបស់មន្ត្រីប៉ូលិសចរាចរណ៍

នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ការចុះអនុវត្តច្បាប់របស់មន្ត្រីប៉ូលិសចរារចរណ៍នៅតាមគោលដៅមួយចំនួនបានបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ …

តើការកើនឡើងតម្លៃគ្រាប់ស្វាយចន្ទី និងដើមកូនស្វាយចន្ទី អាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងការជំរុញការដាំដុះស្វាយចន្ទីក្នុងស្រុកដែរ ឬទេ?

តម្លៃគ្រាប់ស្វាយចន្ទីនៅតែរក្សាបានស្ថិរភាពល្អប្រសើរនៅលើទីផ្សារនៅក្នុងរយៈពេលចុងក្រោយនេះ ដោយអាចលក់បានលើសពី៥ពាន់រៀលក្នុង១គីឡូក្រាម។ ការរក្សាបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ