កិច្ចប្រជុំជុំបន្ទាប់នឹងត្រូវធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់ចន្លោះពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ ខណៈកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការតតាំងជាមួយថៃក្នុងកិច្ចប្រជុំក្របខណ្ឌ UNCLOS នេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា។
ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ថា ក្រោមយន្តការ UNCLOS នេះ កម្ពុជាបានប្រកាន់គោលជំហរច្បាស់លាស់ក្នុងការស្វែងរកកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាប្រវត្តិសាស្ត្រដោយយកគំរូតាមរូបមន្តប្រទេសទីម័រឡេស្តេ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រតែមួយគត់ឱ្យបានគ្រប់ជ្រុងជ្រោយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន។ ទោះជាយ៉ាងណាប្រសិនបើការចរចាស្វែងរកកិច្ចព្រមព្រៀងព្រំដែនសមុទ្ររួមមិនអាចសម្រេចទៅបានទេនោះ កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការសម្របសម្រួល UNCLOS ជួយសម្របសម្រួលឱ្យភាគីទាំងពីរស្វែងរកចំណុចរួមក្នុងការអភិវឌ្ឍតំបន់អាជីវកម្មរួមគ្នា និងចែករំលែកផលប្រយោជន៍ពីធនធានបាតសមុទ្រដោយសមធម៌។ ប៉ុន្តែប្រសិនបើសេណារីយ៉ូទាំងពីរខាងលើនៅតែមិនអាចលេចចេញជាលទ្ធផល នោះកម្ពុជានឹងស្នើឱ្យគណៈកម្មការផ្សះផ្សាចងក្រងរបាយការណ៍រួម និងចេញអនុសាសន៍ផ្លូវការ ដើម្បីឱ្យប្រទេសទាំងពីរយកមកធ្វើជាមូលដ្ឋានពិភាក្សាស្វែងរកដំណោះស្រាយជាចុងក្រោយ។
(ចាក់សំឡេង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន)
ប្រមុខការទូតកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ប្រទេសថៃនឹងចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា និងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគីតាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសម្រួលឱ្យប្រជាជនភៀសសឹកជាង២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ក៏ដូចជាការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា និងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគី។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការស្ដារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃមិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ