ក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មី ដែលមានម្ចាស់ជាជនជាតិអាម៉េរិក បានប្រកាសពីការវិនិយោគទំហំ៦០០លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចម្រាញ់រ៉ែកម្រនៅប្រទេសម៉ាឡេស៊ី។ លោក មីឡាន ភ័រលី (Milan Perlly) នាយកប្រតិបត្តិ នៃក្រុមហ៊ុន DTEC Mineral and Metal Technology បានអះអាងថា គម្រោងនេះមានគោលបំណងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែយុទ្ធសាស្ត្រថ្មីមួយដែលឯករាជ្យ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញយ៉ាងខ្លាំងក្នុងការកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។
តាមផែនការ ក្រុមហ៊ុនរំពឹងថា នឹងសាងសង់រោងចក្រនេះឱ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ គម្រោងនេះមិនត្រឹមតែឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជុញច្រានឆន្ទៈរបស់ម៉ាឡេស៊ី ក្នុងការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលចម្រាញ់ និងកែច្នៃរ៉ែកម្រដ៏សំខាន់ជាងគេប្រចាំតំបន់ ក្រៅពីប្រទេសចិន ដែលបច្ចុប្បន្នកំពុងក្តោបក្តាប់ទីផ្សារពិភពលោកស្ទើរតែទាំងស្រុង។
នៅក្នុងដំណាក់កាលដំបូង រោងចក្រនេះនឹងមានសមត្ថភាពចម្រាញ់រ៉ែកម្របានប្រមាណ៥,០០០តោនក្នុងមួយឆ្នាំ ហើយប្រសិនបើដំណើរការទៅដោយរលូន ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្ររហូតដល់២កន្លែង ដោយដំឡើងសមត្ថភាពផលិតឱ្យដល់១០,០០០តោនក្នុងមួយឆ្នាំ។
សមិទ្ធផលថ្មីនេះនឹងពង្រីកតួនាទីរបស់ម៉ាឡេស៊ី ក្នុងឧស្សាហកម្មរ៉ែកម្រឱ្យកាន់តែធំ បន្ថែមលើប្រតិបត្តិការកែច្នៃ ដែលមានស្រាប់របស់ក្រុមហ៊ុនអូស្ត្រាលី Lynas Rare Earths Ltd. ដែលកំពុងដំណើរការរោងចក្រដ៏ធំមួយនៅក្នុងរដ្ឋ ប៉ាហាង។ យោងតាមការប៉ាន់ប្រមាណ ម៉ាឡេស៊ីមានធនធានរ៉ែកម្រប្រមាណ១៦លានតោននៅក្នុងផ្ទៃដីរបស់ខ្លួន ទោះជាយ៉ាងណា ធនធានភាគច្រើនទាំងនេះនៅទាន់ត្រូវបានទាញយកមកធ្វើអាជីវកម្ម និងកែច្នៃឱ្យមានប្រសិទ្ធភាពសេដ្ឋកិច្ចពេញលេញនៅឡើយទេ៕
ដោយៈ សរ សុជាតិ