កម្ពុជា អូសដៃថៃ

កម្ពុជា អូសដៃថៃ ឡើងទៅដោះស្រាយជម្លោះដែនសមុទ្រ ក្រោមយន្តការផ្សះផ្សាដោយបង្ខំរបស់ UNCLOS


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជា បានដាក់លិខិតផ្លូវការទៅកាន់ភាគីថៃ និង​អគ្គលេខាធិការអង្គការសហប្រជាជាតិ រួចរាល់ហើយ ដើម្បីចាប់ផ្ដើមដំណើរការដោះស្រាយវិវាទពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា (OCA) តាមរយៈយន្តការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។
កម្ពុជា អូសដៃថៃ
ដោយ

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រទេសថៃ សម្រេចលុបចោលដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នា ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាក្នុងរយៈពេល២៥ឆ្នាំមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែមិថុនា បានអះអាងថា កម្ពុជា បានសម្រេចចាប់ផ្តើមដំណើរការដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ តាមយន្ដការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ បើតាមសម្តេចធិបតី អស់រយៈពេលជាច្រើនឆ្នាំមកនេះកម្ពុជា-ថៃ បានប្រើប្រាស់អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ប៉ុន្តែក្របខណ្ឌនេះលែងអាចប្រើបានទៀតហើយ ក្រោយរដ្ឋាភិបាលថៃ បានប្រកាសដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីនេះ ទោះកម្ពុជា បានស្នើឱ្យភាគីថៃ ពិចារណាឡើងវិញក៏ដោយ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជា ងាកចេញពីការសន្ទនានោះទេ ប៉ុន្តែកម្ពុជា កំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងទទួលស្គាល់ដោយប្រទេសទាំងពីរ។ ទន្ទឹមនេះតាមរយៈការប្រើប្រាស់យន្តការនេះ កម្ពុជា-ថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងដែលព្រមព្រៀងគ្នា ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងដែលអនុលោមតាមច្បាប់អន្តរជាតិ។
បើតាមការបញ្ជាក់របស់សម្តេចធិបតី នេះជាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំលើកទី២ហើយនៅក្នុងប្រវត្តិសាស្ត្រ UNCLOS បន្ទាប់ពីយន្ដការនេះត្រូវបានប្រើប្រាស់ក្នុងការដោះស្រាយវិវាទដែនសមុទ្ររវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី កាលពីឆ្នាំ២០១៨។ ភ្លាមៗបន្ទាប់ពីចំណាត់ការជាយុទ្ធសាស្ត្រនេះត្រូវបានប្រកាស ស្ថាប័នកំពូលៗរបស់ជាតិគ្រប់ជាន់ថ្នាក់រាប់ចាប់តាំងពីព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិជាច្រើនបានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល។ ស្ថាប័នជាតិទាំងអស់បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា យន្តការផ្សះផ្សាដោយបង្ខំនេះ នឹងរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលក្នុងការសម្រេចបាននូវដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ តម្លាភាព និងចីរភាពសំដៅរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជាប្រយោជន៍រួមដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជននៃប្រទេសទាំងពីរតទៅអនាគត៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ