ក្រុមហ៊ុនអាកាសចរណ៍របស់ចិន ដែលទើបតែរក្សាបានប្រាក់ចំណេញឡើងវិញកាលពីត្រីមាសដំបូង នៃឆ្នាំនេះ ឥឡូវនេះកំពុងធ្លាក់ចូលទៅក្នុងគំនាប នៃតម្លៃប្រេងឥន្ធនៈដែលកំពុងហក់ឡើងខ្ពស់ ស្របពេលដែលទីផ្សារក្នុងស្រុកមានការប្រុងប្រយ័ត្នខ្លាំងលើការចំណាយ និងត្រូវប្រកួតប្រជែងដណ្ដើមអតិថិជនជាមួយក្រុមហ៊ុនរបស់បណ្តាប្រទេសដទៃ។
បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC ក្នុងខណៈដែលក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗនៅលើពិភពលោកបានការពារហានិភ័យពីការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ ក្រុមហ៊ុនអាកាសចរណ៍ចិនបែរជាការពារខ្លួនពីហានិភ័យនេះក្នុងកម្រិតទាបបំផុត តាមរយៈការទិញប្រេងស្តុកទុកក្នុងបរិមាណតិចតួច។ កត្តានេះធ្វើឱ្យពួកគេងាយរងគ្រោះខ្លាំងបំផុតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃការកើនឡើងតម្លៃប្រេងក្នុងរយៈពេលយូរ។
អ្នកវិភាគមកពីធនាគារ HSBC បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍យក្សទាំង៣របស់ចិនរួមមាន Air China, China Eastern និង China Southern Airlines ដែលគ្រប់គ្រងចំណែកទីផ្សារអាកាសចរណ៍ភាគច្រើននៅក្នុងប្រទេស ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវខាតបង់ថវិការួមគ្នាសរុបរហូតដល់៣,២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ នេះ។ ការខាតបង់នេះ គឺបានរុញច្រានក្រុមហ៊ុនទាំង៣ឱ្យធ្លាក់ចូលក្នុងស្ថានភាពខាតបង់ជាថ្មីម្តងទៀត បន្ទាប់ពីទទួលបានប្រាក់ចំណេញក្នុងរយៈពេលខ្លីកាលពីត្រីមាសទី១ឆ្នាំនេះ។
ទិន្នន័យពីផ្សារភាគហ៊ុនក្រុងឡុងដ៍ (LSEG) បានបង្ហាញថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះបានធ្លាក់ចុះប្រមាណ៣០% ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលតួលេខនេះបានធ្វើឱ្យពួកគេស្ថិតក្នុងចំណោមក្រុមភាគហ៊ុនដែលមានដំណើរការអាជីវកម្មអាក្រក់បំផុតនៅក្នុងតំបន់។ ដោយឡែក បើធៀបនឹងក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ផ្សេងទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ ភាគហ៊ុនរបស់ក្រុមហ៊ុន Singapore Airlines ធ្លាក់ចុះត្រឹមតែ៩%ប៉ុណ្ណោះ ក្រុមហ៊ុន Korean Air Lines ធ្លាក់ចុះ៧% ក្រុមហ៊ុន Japan Airlines ធ្លាក់ចុះ២០% និងក្រុមហ៊ុន ANA Holdings ធ្លាក់ចុះ១៨%។
ថ្លៃដើមប្រតិបត្តិការដែលហក់ឡើងខ្ពស់កប់ពពកដោយសារការហក់ឡើងតម្លៃប្រេងឥន្ធនៈ បានបង្ខំឱ្យមានការលុបចោលជើងហោះហើរជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានកាត់បន្ថយ ឬផ្អាកសេវាកម្មជើងហោះហើរអន្តរជាតិទាំងស្រុងចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ ជាក់ស្តែងយោងតាមទិន្នន័យពី Goldman Sachs គិតត្រឹមថ្ងៃទី១៤ ខែឧសភា ជើងហោះហើរក្នុងស្រុករបស់ប្រទេសចិនបានធ្លាក់ចុះជិត១៣% បើធៀបនឹងឆ្នាំមុន ខណៈដែលអត្រានៃការលុបចោលជើងហោះហើរបានហក់ឡើងដល់ជិត៣០% ដែលជាតួលេខមួយដ៏អាក្រក់បំផុតបើធៀបនឹងឆ្នាំកន្លងទៅ។
ទោះបីជារដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងជួយគ្រប់គ្រងតម្លៃប្រេងឥន្ធនៈយន្តហោះយ៉ាងណាក៏ដោយ ក៏តម្លៃនេះនៅតែជាប់ពាក់ព័ន្ធនឹងយន្តការតម្លៃប្រេងឆៅអន្តរជាតិដដែល។ យោងតាមធនាគារ HSBC តម្លៃប្រេងឥន្ធនៈយន្តហោះពីរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសចិនបានហក់ឡើងខ្ពស់រហូតដល់៧៤%ឯណោះ នៅក្នុងខែមេសា កន្លងទៅនេះ៕
អត្ថបទៈ សួន ឡង់ទី