លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ការពង្រឹងតម្លៃទីផ្សារជូ្រករស់ក្នុងស្រុកនេះ គឺដើម្បីពង្រឹងតម្លៃទីផ្សារជូ្រករស់របស់ប្រជាកសិករកុំឱ្យមានការខាតច្រើនខ្លាំងពេក ដោយសារតែតម្លៃទីផ្សារជូករស់នាពេលបច្ចុប្បន្ន គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។ ជាក់ស្តែងបច្ចុប្បន្នទីផ្សារជូ្រករស់ មានតម្លៃប្រមាណ ជាង៦ពាន់រៀល ទៅ ជាង៧ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ទៅតាមតំបន់ផ្សេងៗគ្នា ខណៈតំបន់មួយចំនួនទៀត មិនអាចលក់ចេញតែម្តង។ លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា នៅពេលដែលទីផ្សារជ្រូកធ្លាក់ចុះខ្លាំងបែបនេះ វាបានធ្វើឲ្យកសិករចិញ្ចឹមជ្រូកត្រូវប្រឈមនឹងការខាតបង់ច្រើន ពោលគឺទោះបីជាលក់បានតម្លៃទាបត្រូវខាតថ្លៃដើមក្តី ប៉ុន្តែកសិករនៅពេលដែលជ្រូកដល់ពេលប្រមូលផលលក់ហើយនោះ គឺត្រូវតែលក់ចេញតែម្តង បើទោះបីជាត្រូវខាតពាក់កណ្តាលថ្លៃដើមក៏ដោយ។
ជាមួយគ្នានេះ បើតាម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបញ្ជាក់ថា ជាង២ខែមកហើយដែលតម្លៃជ្រូកធ្លាក់ចុះជាបន្តបន្ទាប់ ខណៈពេលនេះក្រុមហ៊ុនរបស់អ្នកឧកញ៉ាផ្ទាល់ លក់បានតម្លៃត្រឹមតែ ៧.៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ រីឯកសិករខ្នាតតូចវិញត្រូវឈ្មួញកណ្តាលរឹតក បន្ថោកតម្លៃថែមទៀត ពោលគឺកសិករខ្លះអាចលក់បានត្រឹមតែ ៥.៥០០រៀល ទៅ ៦.០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
មហាសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឬទ្ធី អះអាងថា តម្លៃជ្រូកធ្លាក់ចុះគ្មានស្ថិរភាព វាប៉ះពាល់ខ្លាំងណាស់ដល់អ្នកវិនិយោគខ្នាតធំ ដោយត្រូវចំណាយខ្ពស់ខ្លាំងទៅលើការវិនិយោគ ប្រាក់ខែបុគ្គលិក កម្មករ និងវត្ថុធាតុដើមឡើងថ្លៃជាដើម ហើយចំពោះកសិករវិញមានតែបោះបង់ និងលក់ដីសងបំណុលធនាគារតែប៉ុណ្ណោះ ដោយអ្នកឧកញ៉ា សង្កត់ធ្ងន់ថា អ្នកប្រកបមុខរបររកស៊ីចិញ្ចឹមជ្រូកនេះ បើដួលរលំហើយនោះ គឺមិនអាចងើបឈរឡើងវិញបាននោះទេ។ ដូច្នេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានអំពាវនាវទៅដល់ឈ្មួញកណ្តាល សូមកុំដើរបន្ថោកតម្លៃជ្រូករបស់កសិករឲ្យកាន់តែថោកទៅៗខ្លាំងពេកអី៕