វិស័យកសិកម្ម

តើមានទឡ្ហីករណ៍អ្វីធ្វើឱ្យអ្នកជំនាញជឿថា តម្លៃដំឡូងមីនឹងមានភាពល្អប្រសើរនៅឆ្នាំក្រោយ?


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដំឡូងមីតែងតែជួបបញ្ហាទីផ្សារ និងធ្លាក់ថ្លៃរៀងរាល់រដូវប្រមូលផលម្តងៗ ដែលធ្វើឱ្យកសិករមួយចំនួនមានការរអ៊ូរទាំ និងប្រឈមនឹងការខាតបង់ជាដើម។ ជាក់ស្តែងនៅឆ្នាំនេះតម្លៃដំឡូងមីបានធ្លាក់ចុះយ៉ាងខ្លាំងឈានដល់ជាង១០០រៀលក្នុង១គីឡូក្រាម ដែលបញ្ហានេះកំពុងធ្វើឱ្យកសិករមានភាពស្ទាក់ស្ទើរក្នុងការដាំដំណាំនេះបន្តទៀត។ តែយ៉ាងណាប្រធានសហព័ន្ធដំឡូងមីកម្ពុជា ជឿជាក់ថា នៅឆ្នាំក្រោយនេះ ដំឡូងមីនឹងអាចលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំមុនៗ។
វិស័យកសិកម្ម
ដោយ

លោក នួន ណារិន្ទដា កសិករដាំដំឡូងមីម្នាក់នៅខេត្តឧត្តរមានជ័យ បានរអ៊ូរទាំថា បច្ចុប្បន្នដំឡូងមីស្រស់នៅតំបន់របស់លោកអាចលក់បានតម្លៃចន្លោះពី១៥០ទៅ១៦០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ដែលជាតម្លៃមួយទាបមិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករនៅឡើយទេ។ តែយ៉ាងណាបើតាមការអះអាងរបស់កសិកររូបនេះ ប្រសិនបើកសិករដឹកយកទៅដល់ដល់រោងចក្រដោយផ្ទាល់ នោះដំឡូងមីអាចបានលក់បានក្នុងរង្វង់២១០រៀល ឬក្រោមនេះបន្តិចក្នុង១គីឡូក្រាមទៅតាមកម្រិតម្សៅរបស់ដំឡូងមី។

​ជាមួយគ្នានេះ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានអះអាងថា បច្ចុប្បន្នដំឡូងមីអាចលក់បានក្នុងតម្លៃខុសៗគ្នាទៅតាមតំបន់នីមួយៗ ដោយនៅតំបន់ជិតព្រំដែនថៃ អាចលក់បានជាង១រយរៀលក្នុង១គីឡូក្រាម តែនៅតំបន់ជិតព្រំដែនវៀតណាម អាចលក់បានចន្លោះពី២០០ទៅ៣០០រៀលក្នុង១គីឡូក្រាម។ ជាមួយគ្នានេះ ប្រធានសមាគមរូបនេះ ស្នើដល់រោងចក្រកែច្នៃដំឡូងមីក្នុងស្រុកគួរងាកមកប្រមូលទិញពីកសិករជាជាងផលិតហើយកែច្នៃដោយខ្លួនឯង ព្រោះវាអាចធ្វើឱ្យបាត់បង់ឱកាសកែច្នៃដំឡូងមី ក៏ដូចជាចូលរួមជួយដល់កសិករ។

​ពាក់ព័ន្ធទីផ្សារដំឡូងមីនេះដែរ លោកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជាលើកទឹកចិត្តឱ្យកសិករពន្យារពេលក្នុងប្រមូលផលដំឡូងមីក្នុងរយៈពេលខ្លីសិន ដោយសាររដូវកាលនេះជារដូវភ្លៀងដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពម្សៅរបស់ដំឡូងមី។ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា រូបនេះ មានសុទិដ្ឋិនិយមថា នៅឆ្នាំ២០២៦ ដំឡូងមីនឹងអាចលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំមុន ដោយសារក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងសម្រួលការនាំចេញទៅចិនប្រមាណ៥០ម៉ឺនតោន គួបផ្សំវៀតណាម បានកាត់បន្ថយផ្ទៃដីដាំដុះ និងបានងាកមកចុះកិច្ចសន្យាប្រមូលទិញលក់ដំឡូងមីពីកម្ពុជា រហូតដល់៩លានតោនក្នុងរយៈពេល៥ឆ្នាំ។

​គួរបញ្ជាក់ថា សហព័ន្ធដំឡូងមីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមដំឡូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម ដោយសន្យាទិញដំឡូងមីស្រស់ពីកម្ពុជា ប្រមាណ៩លានតោនក្នុង១ឆ្នាំ សម្រាប់ការអនុវត្តរយៈពេល៥ឆ្នាំ ក្នុងកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើថៃ អាចរងសម្ពាធអ្វីខ្លះក្រោយព្យួរកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី ហើយកម្ពុជា គួរធ្វើយ៉ាងណា?

ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ បានសម្រេចអនុម័តព្យួរសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាព កម្ពុជា-ថៃ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ